វិទ្យាស្ថានពហុបច្ចេកវិទ្យាមិត្តភាពកម្ពុជា-ចិន ចាប់ដៃក្រុមហ៊ុនជិនប៉ី ពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាពលរដ្ឋខ្មែរ


(ព្រះសីហនុ)៖ ដើម្បីឆ្លើយតបកំណើនសេដ្ឋកិច្ច និងតម្រូវការទីផ្សារការងារ វិទ្យាស្ថានពហុបច្ចេកវិទ្យាមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ និងក្រុមហ៊ុនជិន ប៉ីគ្រុប (Jin Bei Group) បានចុះអនុស្សារណៈនៃការយោគយល់គ្នាក្នុងបំណងបង្កើតកិច្ចសហការ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជននៅក្នុងខេត្តព្រះសីហនុ។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះ រវាងលោក ប៊ូ សំអាត តំណាងវិទ្យាស្ថានពហុបច្ចេកវិទ្យាមិត្តភាពកម្ពុជាចិន ខេត្តព្រះសីហនុ និងតំណាងក្រុមហ៊ុន ជិន ប៉ី គ្រុប។

ការចុះអនុស្សារណៈនៃការយោគយល់នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងអាជ្ញាធរខេត្តព្រះសីហនុ ក្នុងការគិតគូរស្វះស្វែងរកការគាំទ្រពីមជ្ឈដ្ឋានផ្សេងៗដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ យុវជននៅក្នុងខេត្តព្រះសីហនុឱ្យមានស្តង់ដារត្រឹមត្រូវ ខណៈពេលបច្ចុប្បន្ននេះ ខេត្តមានឆ្នេរសមុទ្រ
ស្អាតមួយនេះមានការវិនិយោគពីបរទេសយ៉ាងច្រើន ហើយមានតម្រូវការផ្នែកទីផ្សារពលកម្មខ្ពស់ និងទាមទារឱ្យមានជំនាញច្បាស់លាស់។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ដោយបានមានប្រសាសន៍ថា ក្រុមការងារនឹងសម្របសម្រួល ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតាមតម្រូវការទីផ្សារការងារនៅខេត្តព្រះសីហនុ និងជំនាញកសិកម្មដូចជាការចិញ្ចឹមគោយកសាច់ និងយកទឹកដោះ ការដាំចម្ការឈើ (អាកាស្សា និងម៉ៃសាក់) សម្រាប់ធ្វើអាជីវកម្ម ដោយក្រុមការងារនឹងសម្របសម្រួលរក
ទីផ្សារជូនប្រជាពលរដ្ឋដោយមានកិច្ចសន្យាច្បាស់លាស់រវាងអ្នកផ្គត់ផ្គង់និងអ្នកទទួលទិញ៕