លោកជំទាវកិត្តិសង្គហៈបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសិតបដិមា ព្រះនាងឥន្ទ្រទេវី


លោកជំទាវកិត្តិសង្គហៈបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង
ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសិតបដិមា ព្រះនាងឥន្ទ្រទេវី នៅរាជបណ្ឌិត្យសភាកម្ពុជា ព្រឹកថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានកោត សរសើរខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការសិក្សាស្រាវជ្រាវស្វែងរកអត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី និងរហូតឈានដល់ ការរៀបចំធ្វើសិក្ខាសាលាកម្រិតជំនាញ ក្នុងការប្រមូលអ្នកជំនាញខាងបដិមាសាស្រ្ត ជំនាញបុរាណវិទ្យា ស្ថាបត្យកម្ម ពីស្ថាប័នជាតិយើងផង និងអន្ដរជាតិផង ដើម្បីប្រមូលមតិយោបល់ក្នុងការកំណត់អត្តសញ្ញាណបដិមា ដែលយើងនឹងធ្វើពិធីសិតក្នុងថ្ថៃនេះ ក្រោមជំនួយឧបត្ថម្ភរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយការក្រុមហ៊ុនហេងអភិវឌ្ឍន៍។

ព្រះ នាងឥន្ទ្រ ទេវី ដែលជាព្រះរាជអគ្គមហេសី របស់ ព្រះមហាក្សត្រខ្មែរ គឺ ព្រះបាទជ័យ វរ្ម័នទី ៧ ។ ព្រះនាង គឺក្សត្រីនាសម័យអង្គរមួយអង្គ ដែលមានរូបឆោមល្អដាច់គេ ព្រះនាង មានចំណេះ វិជ្ជា ខ្ពង់ខ្ពស់ ឈ្លាវៃ អស្ចារ្យ ជាពិសេស ព្រះនាងមានចំណេះដឹងខាងភាសាសំស្ក្រឹត និងបរមត្ថវិជ្ជា។ ព្រះ នាងគឺជាពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាបំផុត ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាបានយ៉ាងល្អខ្ជាប់ខ្ជួន និងបានក្រើនរំលឹកព្រះ ស្វាមី ឲ្យប្រកាន់យក ព្រហ្ម វិហារធម៌ និងមេត្តាធម៌ ក្នុងការ គ្រប់គ្រងអាណាចក្រ និងប្រជារាស្ត ប្រកបដោយ ទសពិធរាជធម៌ ។ នៅក្នុងសម័យកាលនោះ ស្នាព្រះហស្ថរបស់ព្រះនាង បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាមួយព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រ ដែលព្រះអង្គជាបីតាស្ថាបត្យករ បីតាបង្រួបបង្រួមជាតិ បីតាសឹកសង្គ្រាម និងបីតាសេដ្ឋកិច្ច ដោយបានបង្កើតឲ្យសំណង់ប្រាសាទធំៗរាប់រយប្រាសាទ មានសាលារៀន មន្ទីរពេទ្យ វត្តអារម្យ សាលាឆទាន និយាយរួម ទាំងវិស័យ ពុទ្ធចក្រ និងវិស័យអណាចក្រ ក៏ចាប់ផ្តើមរីកដុះដាលខ្លាំងនាសម័យនោះផងដែរ ។

លោកជំទាវក៏បានសំណូមពរឱ្យ ៖

១. ស្ថាប័នពាក់ព័ន្ធ ក្នុងជំនាញសូនរូប ជាងសិតរូប អាជីវករ សូនរូបក្នុងប្រទេសកម្ពុជាទាំងអស់ សូមមេត្តាសាងស្នាដៃសូនរូបទោះជារូប ត្រូវគោរពតាមរចនាបទ និងទម្រង់នៃរូបដើម ហើយក៏ត្រូវផ្ចិតផ្ចង់ឲ្យបានល្អ សាកសមជាកូនខ្មែរ ពូជពង្សអង្គរ ។

២. នៅពេលដែលចាប់ផ្តើមកសាង សិត ឬសូនបដិមា ព្រះនាងឥន្ទ្រទេវី នៅពេលក្រោយទៀត សូមយកលំនាំតាមបដិមា ព្រះនាងឥន្ទ្រទេវី ដែលបានសិតរួច និងតម្កល់ទុកនៅក្នុងរាជបណ្ឌិត្យ សភា កម្ពុជានេះ ។

៣. ស្នើ និងលើកទឹកចិត្តដល់រាជបណ្ឌិត្យសភាកម្ពុជា បន្តសហការ និងស្រាវជ្រាវបន្ថែមទៀត ក្នុងចងក្រងឯកសារស្តីពីប្រវត្តិ ដោយបានបង្ហាញអំពីគម្រូវីរៈរបស់តួអង្គនៃព្រះបដិមាផ្សេងទៀត និងកំណត់គម្រូបដិមាទាំង នោះតាមទម្រង់ដើមដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ សម្រាប់តម្កល់ទុកជាការសិក្សាស្រាវជ្រាវដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ជាពិសេស គឺសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត ។