គណៈមេប្រយោគទូទាំងប្រទេស បានត្រួតពិនិត្យ និងបោះពុម្ពលទ្ធផលនៃការបូកស្រង់ពិន្ទុដោយប្រព័ន្ធកុំព្យូទ័រ និងដោយឆ្លងកាត់នីតិវិធីកោសល្យវិច្ច័យ


បន្ទាប់ពីឆ្លងកាត់ដំណាក់កាលសំខាន់ៗទាំង៣ រួមមានដំណាក់កាលសំណេរ ដំណាក់កាលកំណែ និងដំណាក់កាលបូកស្រង់ពិន្ទុ។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី គណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនិងអនុគណៈកម្មការទាំងអស់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានត្រួតពិនិត្យ និងបោះពុម្ពលទ្ធផលនៃការបូកស្រង់ពិន្ទុដោយប្រព័ន្ធកុំព្យូទ័រ និងដោយឆ្លងកាត់នីតិវិធីកោសល្យវិច្ច័យ។ ជាមួយនឹងជោគជ័យនៃដំណើរការប្រឡង ដែលអនុលោមទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល​ដែលអាចទទួលយកបាន “អ្នកចេះ គឺជាប់” ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ​​សារ​ជាថ្មី ជូនដល់ស្ថាប័ននិងអជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសគឺកងកម្លាំងមានសមត្ថកិច្ចរួមមាន​ក្រសួងមហាផ្ទៃ រដ្ឋបាល​មូលដ្ឋាន មន្រ្តី​សុខាភិបាល មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីអគ្គិសនីកម្ពុជា យុវជន​ស្ម័គ្រចិត្ត​សហភាពសហព័ន្ធយុវជនកម្ពុជា និងមន្រ្តីអប់រំទាំងអស់ ដែល​បានចូលរួមចំណែកឈាន​ដល់ភាព​ជោគជ័យនេះ។