អភិបាលខេត្តប៉ៃលិន អញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមណ្ឌលខេត្តប៉ៃលិន ឆ្នាំ២០១៩


ប៉ៃលិន៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយដោយឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងក្រុមការងារ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានអញ្ជើញបើកលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអុរពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានសម្តែងនូវការសប្បាយចិត្ត ចំពោះក្មួយៗដែលបានប្រឡងជាប់ និងមានការសោកស្តាយចំពោះអ្នកដែលប្រឡងធ្លាក់ ហើយចំពោះ ក្មួយៗ ដែលប្រឡងធ្លាក់ ក៏មិនត្រូវអស់សង្ឃឹមដែរ គឺអាចទៅបន្តការសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សាបាន ឬក៍សិក្សាជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីយកមកប្រកបរបរចិញ្ចឹមជីវិត។ ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍លើកឡើងថា៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច តេជោ សែន បានធ្វើការកែទម្រង់ក្នុងវិស័យអប់រំ និងកីឡាអោយមានគុណភាពទាំងចំនេះដឹង ចំនេះធ្វើ ដូច្នេះក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋបាលខេត្ត ស្ថាប័ននានា បានយកចិត្តទុដាក់ខិតខំប្រឹងប្រែងអនុវត្តន៍ ដើម្បីស្វែងរកធនធានមនុស្សបន្តវេនដឹកនាំប្រទេសជាតិ និងសង្គមជាតិអោយមានការរីកចំរើនទៅថ្ងៃអនាគត់។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បន្ថែមទៀតថា៖ ចំពោះក្មួយៗ ដែលនឹងត្រូវចូលសិក្សាថ្នាក់ទី១២ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ ប្រឡងជាប់គ្រប់ៗគ្នា ដើម្បីសម្រេចជោគវាសនារបស់ខ្លួន ហើយបើទទួលបាននិទ្ទេស A ឯកឧត្តមនឹងឧបត្ថម្ភ ម៉ូតូ ១គ្រឿង និងកុំព្យទ័រយួដៃ ១គ្រឿង ដោយមិនកំណត់ចំនួន។

បើតាមរបាយការណ៍របស់លោក ជា អិត អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា៖ ខេត្តប៉ៃលិន មានមណ្ឌលប្រឡងចំនួន ០២មណ្ឌល ស្មើនិង ២១បន្ទប់ ក្នុងនោះចែកចេញជា២ផ្នែក គឺផ្នែកវិទ្យាសាស្ត្រ ១១បន្ទប់ និងវិទ្យសាស្ត្រសង្គម ១០បន្ទប់ ដោយមានបេក្ខជនមកដាក់ពាក្យប្រលងមានចំនួន ៤៨២នាក់ ស្រី ២៤៧នាក់ ជាលទ្ធផលឆ្នាំ២០១៩នេះ សម្រាប់មណ្ឌលខេត្តប៉ៃលិន បេក្ខជនប្រលងជាប់មានចំនួន ២៨៤នាក់ ស្មើនឹង ៥៨.៩% ស្រី ១៥៤នាក់ ស្មើនិង ៦២.៣% ក្នុងនោះបេក្ខជនទទួលបាននិទ្ទេស -និទ្ទេសA មានចំនួន ០នាក់-និទ្ទេសB មានចំនួន ០៣នាក់ ស្រី ០១នាក់-និទ្ទេសC មានចំនួន ០៨នាក់ ស្រី ០៧នាក់-និទ្ទេសD មានចំនួន ៣៩នាក់ ស្រី ២២នាក់-និទ្ទេសE មានចំនួន ២៣៤នាក់ ស្រី ១២៤នាក់៕