ឯកឧត្តម សុខ ឥសាន បានថ្លែងងថា គ្មានអ្នកណាទៅធ្វើបាបសកម្មជន អតីតគណបក្សសង្រ្គោះជាតិទេ បើសិនជាពួកគេមិនធ្វើទង្វើផ្ទុយទៅនឹងច្បាប់ ។


ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (ប្រ.ជ) ឯកឧត្តម សុខ ឥសាន បានឆ្លើយតបទៅលោក អេង ឆៃអ៊ាង អតីតអនុប្រធាន គណបក្សសង្រ្គោះជាតិ(CNRP)ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មិនបានធ្វើទុក្ខបុកម្នេញ ទៅលើប្រជាពលរដ្ឋ ឬក៏អតីតសកម្មជន បក្សប្រឆាំងណាមួយឡើយ ។

ការលើកឡើងរបស់ឯកឧត្តម សុខ ឥសាន បែបនេះ បន្ទាប់ពីលោក អេង ឆៃអ៊ាង បានសរសេរ លើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ថា អតីតសកម្មជន គណបក្សសង្គ្រោះជាតិ ដែលអាជ្ញាធរ ក្រោមការដឹកនាំគណបក្សកាន់អំណាច បានចាប់យកទៅឃុំឃាំង មានចំនួន១៨នាក់ហើយ ចាប់តាំងពីខែមករា ឆ្នាំ២០១៩ រហូតមកដល់ខែកញ្ញានេះ ។

ឯកឧត្តមបន្តថា “ការធ្វើទុក្ខបុកម្នេញ របស់ជនផ្តាច់ការ មកលើអតីតសកម្មជន គណបក្សសង្គ្រោះជាតិកាន់តែខ្លាំង សន្ទុះនៃការតស៊ូរើបំរះ កាន់តែពុះកញ្ជ្រោលឡើងផងដែរ”។

ឯកឧត្តម សុខ ឥសាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១០ កញ្ញាថា គ្មានអ្នកណាទៅធ្វើបាបសកម្មជន អតីតគណបក្សសង្រ្គោះជាតិទេ បើសិនជាពួកគេ មិនធ្វើទង្វើផ្ទុយទៅនឹងច្បាប់ ។

ឯកឧត្តមបញ្ជាក់ថា “គណបក្សប្រជាជន មិនបានធ្វើទុក្ខបុកម្នេញ បងប្អូនប្រជាពលរដ្ឋណាមួយទេ រួមទាំងសកម្មជន របស់អតីតបក្សប្រឆាំងផង។ តែគឺរាល់បញ្ហា គឺចាត់វិធានការតាមផ្លូវច្បាប់ ចំពោះតែអ្នក ដែលបានប្រព្រឹត្តល្មើសច្បាប់” ។

ឯកឧត្តមសង្កត់ធ្ងន់ថា ការដែលនិយាយធ្វើទុក្ខបុកម្នេញនោះ គឺគ្រាន់តែជាពាក្យសម្ដី របស់ក្រុមឧទ្ទាមក្រៅច្បាប់ប៉ុណ្ណោះ គ្មានឥទ្ធិពល មកលើរាជរដ្ឋាភិបាលឡើយ ៕