ឯកឧត្តម ជា ចាន់តូ បានអនុញ្ញាតឱ្យ លោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា។ លោក Yasuhisa Ojima ទើបនឹងចូលមកកាន់តំណែងជាតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជាចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។
លោក Yasuhisa Ojima បានសម្តែងក្តីរីករាយដែលបានបំពេញបេសកកម្មនៅកម្ពុជា និងប្តេជ្ញារួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា តាមរយៈការជួយតាមដានស្ថានភាពសេដ្ឋកិច្ច និងផ្តល់ជំនួយបច្ចេកទេស។ លោកបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ។
ឯកឧត្តម ទេសាភិបាល បានជម្រាបជូនពីប្រវត្តិ និងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជានិងថ្លែងអំណរគុណចំពោះការចូលរួមរបស់ IMF ក្នុងការអភិវឌ្ឍវិស័យធនាគារ ការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលសម្រាប់កសាងធនធានមនុស្សនៅកម្ពុជា។
ឯកឧត្តម ក៏បានកោតសរសើរពីតួនាទីយ៉ាងសំខាន់របស់ការិយាល័យតំណាង IMF នៅកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និង IMF ចាប់តាំងពីមានវត្តមាននៅកម្ពុជានាដើមទសវត្សរ៍ឆ្នាំ១៩៩០ មក។