អ្នកឧកញ៉ា គិត ម៉េង រៀបចំពិធីពិសាអាហារសាមគ្គី ក្រោយជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញអាណត្តិទី៤


អ្នកឧកញ៉ា គិត ម៉េង នៅរាត្រីទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានរៀបចំពិធីពិសាអាហារសាមគ្គី ក្រោយជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ អាណត្តិទី៤ ដែលប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃនេះ។

ពិធីពិសាអាហារសាមគ្គី និងអបអរសាទរ បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល តាមក្រសួងស្ថាប័នរដ្ឋ ឧកញ៉ា អ្នករកស៊ី ដៃគូពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនៅតាមស្ថាប័នព័ត៌មានល្បីៗប្រចាំនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីដ៏ល្បីឈ្មោះរបស់កម្ពុជា ដែលមានមុខជំនួញជាច្រើនក្នុងដៃនោះ បានបន្តជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី អាណត្តិទី៤។

ការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ-កម្ពុជា ក្រោមអធិបតីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង បានកាន់កាប់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញនេះ មានរយៈពេល៩ឆ្នាំមកហើយ ពេលនេះលោកត្រូវបានសមាជិកបោះឆ្នោតឲ្យបន្តដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី សម្រាប់រយៈពេល៣ឆ្នាំបន្តទៀត៕