​ឯកឧត្តមសុខ ឥសាន បានថ្លែងថា“ការអំពាវនាវរបស់លោកស្រី Morgan Ortagus គឺជាមតិរបស់គាត់ទេ


ភ្នំពេញ ៖ បន្ទាប់ពីអ្នកនាំពាក្យរបស់ក្រសួង ការបរទេសអាមេរិក លោកស្រី Morgan Ortagus បានអំពាវនាវជាថ្មីម្ដងទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់រាល់ការចោទប្រកាន់ទាំងឡាយទៅលើលោក កឹម សុខា អតីតមេបក្សប្រឆាំង ដោយគ្មានលក្ខខណ្ឌនោះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានបញ្ចេញប្រតិកម្មតបថា នេះគ្រាន់តែជាការបញ្ចេញមតិតែប៉ុណ្ណោះ ។

ឯកឧត្តមសុខ ឥសាន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ថា “ការអំពាវនាវរបស់គាត់អាហ្នឹង ជាមតិរបស់គាត់ទេ ។ ក៏ប៉ុន្តែកម្ពុជាមានឯករាជ្យ និងមានអធិបតេយ្យភាព ។ អីចឹងកម្ពុជាអនុវត្តន៍តាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់កម្ពុជា ។

ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្នករណីរបស់លោកកឹម សុខា កំពុងស្ថិតនៅក្នុងនីតិវិធី របស់តុលាការ មិនអាចមានអ្នកណាម្នាក់ ចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបានឡើយ។

សូមរំលឹកថាលោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ លោកត្រូវបានតុលាការចោទប្រកាន់ ពីបទសន្ធិដ្ឋិភាព ជាមួយបរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលនឹងអាចជាប់ពន្ធនាគារ ពី១៥ឆ្នាំដល់៣០ឆ្នាំ ។ លោក កឹម សុខា ត្រូវបានឃុំខ្លួន ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាងមួយឆ្នាំ ហើយត្រូវបានប្ដូរកន្លែងឃុំខ្លួន ពីត្រពាំងផ្លុង “ម៣” យកមកឃុំខ្លួន ក្នុងផ្ទះរបស់គាត់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ នាម៉ោងជាង៣ ទៀបភ្លឺ ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៕