លិខិតចំហ៖ សូមលោកទូតអាមេរិក «មូហ្វី» បំពេញបេសកកម្មដើម្បីភាពប្រសើរនៃទំនាក់ទំនងកម្ពុជា-អាមេរិក កុំដើម្បីក្រុមឧទ្ទាម


(ភ្នំពេញ)៖ បន្ទាប់ពីអវត្តមានអស់រយៈពេលជិតមួយឆ្នាំ នៅថ្ងៃនេះឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកលោក ផាតទ្រីក ម៉ូហ្វី បានចាប់ផ្តើមចូលបំពេញការងាររបស់ខ្លួនហើយ។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរខ្ញុំបាទសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះ វត្តមានដ៏ឧត្តុង្គឧត្តមលើទឹកដីកម្ពុជា ដែលជាទឹកដីដ៏សែនកម្សត់ព្រោះតែវិបត្តិនៃភ្លើងសង្គ្រាម វិបត្តិព្រោះតែការជ្រៀតជ្រែករបស់បណ្តាប្រទេសអមិត្តទាំងឡាយ។

ការអញ្ជើញមកបំពេញការងាររបស់ឯកឧត្តមនៅលើទឹកដីនៃកម្ពុជាចំពេលដែលកម្ពុជា និងអាមេរិកមានរឿងរ៉ាវមួយចំនួនកំពុងតែមានការមិនយល់ចិត្តគ្នា ឬគងគ្នាលើទស្សនៈផ្សេងៗ។ ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បេសកកម្មការងារដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម នឹងក្លាយជាវិភាគទានដ៏ចាំបាច់បំផុតក្នុងការផ្សះផ្សារការធ្លុះធ្លាយ និងការមិនយល់ចិត្តទាំងឡាយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ឯកឧត្តមជាទីគោរព ខ្ញុំបានដឹងច្បាស់ថា មុនពេលមកកាន់ការងារដ៏ឧត្តុងឧត្តមនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមបានបំពេញការងារជាច្រើននៅក្នុងតំបន់អាស៊ី រួមទាំងប្រទេសសមាជិកអាស៊ានផងដែរ។ ក្នុងបទពិសោធន៍ការងារដ៏ច្រើននេះ ខ្ញុំជឿថា ឯកឧត្តមពិតជាបានជ្រូតជ្រាបយ៉ាងច្បាស់អំពីជម្រៅបេះដូង និងទស្សនៈរបស់ប្រជាជាតិនៅតំបន់អាស៊ី ក៏ដូចជាអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ ដែលជាវិភាគទានដ៏សំខាន់បំផុតជួយឱ្យបេសកកម្មរបស់ឯកឧត្តមទទួលបានជោគជ័យខ្ពស់បំផុត។ ជាពិសេសការធ្វើឱ្យចំណងបេះដូងកម្ពុជា និងអាមេរិកអាចផ្សះផ្សារ និងមិនរងនូវការប្រេះស្រាំដូចអតីតកាលនោះឡើយ។

ខ្ញុំជឿជាក់ថា ឯកឧត្តមជាទីគោរពពិតជាបានដឹង និងចងចាំយ៉ាងច្បាស់ពីប្រវត្តិទំនាក់ទំនងអតីតកាលរវាងកម្ពុជា និងអាមេរិកនាចុងទសវត្សរ៍ឆ្នាំ៦០ និងដើមទសវត្សរ៍ឆ្នាំ៧០។ ដូច្នេះខ្ញុំសូមផ្ញើក្តីរំពឹងយ៉ាងខ្ពស់ និងមុតមាំជាមួយឯកឧត្តមថា បេសកកម្មដ៏វិសេសវិសាលរបស់ឯកឧត្តមនឹងមិនធ្វើឱ្យកម្ពុជា និងអាមេរិក មានប្រវត្តិដ៏ល្វីងជូរចត់ដូចអតីតកាលទៀតនោះឡើយ។

តាមរយៈប្រវត្តិបេសកកម្មការងារ ខ្ញុំជឿជាក់ថា ឯកឧត្តមជាទីគោរពច្បាស់ជាបានជ្រូតជ្រាបយ៉ាងច្បាស់ពីជម្រៅបេះដូងរបស់មនុស្សជាតិនៅតំបន់អាស៊ី អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ ដែលជាដើមទុនដ៏អស្ចារ្យមួយជួយឱ្យឯកឧត្តមសម្រេចបេសកកម្មនៅកម្ពុជាប្រកបដោយលទ្ធផលគាប់ប្រសើរ។ តែទោះជាយ៉ាងណា ដើម្បីឱ្យប្រាកដថាបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជាទទួលបានជោគជ័យនោះ ខ្ញុំសម្បទាននូវគំនិតខ្លះថា ប្រជាពលរដ្ឋកម្ពុជាដ្បិតថាជាជាតិសាសន៍មិនស៊ីវិល័យដូចប្រជាពលរដ្ឋក្នុងប្រទេសរបស់ឯកឧត្តម តែប្រជាពលរដ្ឋកម្ពុជា ជាជាតិសាសន៍មួយមានវប្បធម៌ និងអរិយធម៌រឹងមាំ ចាក់គ្រឹះមុនប្រទេសរបស់ឯកឧត្តមទៅទៀត។

ជាតិសាសន៍កម្ពុជា ដ្បិតមែនធ្លាក់ទន់ខ្សោយមិនល្បីរន្ទឺដូចចក្រភពអង្គរ តែពលរដ្ឋកម្ពុជា នៅតែមានដួងចិត្តមួយឯករាជ្យ និងមិនចូលចិត្តការដាក់គំនាបបង្គាប់បញ្ជា ឬបង្ខិតបង្ខំពីនរណាម្នាក់ឱ្យធ្វើអ្វីនោះឡើយ។ ជាតិសាសន៍កម្ពុជា ជាជាតិសាសន៍ដែលស៊ូជម្នះការលំបាកគ្រប់បែបយ៉ាង ក៏មិនព្រមធ្វើតាមការបង្គាប់បញ្ជារបស់នរណាម្នាក់នោះឡើយ។

ពលរដ្ឋកម្ពុជាចូលចិត្តពាក្យពេចន៍ផ្អែមល្ហែម ចូលចិត្តភាពទន់ភ្លន់ រហូតមានពាក្យមួយឃ្លាដែលចាស់បុរាណរបស់ខ្មែរចែង «ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ»។ ខ្ញុំជឿថា តាមរយៈការបង្ហាញជម្រៅដួងចិត្ត និងបេះដូងរបស់កម្ពុជានេះ នឹងជួយឯកឧត្តមធ្វើការងារដោយយល់ចិត្តជាមួយខ្មែរ និងជួយឱ្យបេសកកម្មរបស់ឯកឧត្តមទទួលបានជោគជ័យ។

នៅបញ្ហាមិនយល់គ្នាមួយទៀតរវាងកម្ពុជា និងអាមេរិក ដែលខ្ញុំរំពឹងថា ក្នុងបេសកកម្មរបស់ឯកឧត្តមជាទីគោរពនឹងអាចបិទបញ្ចាប់ការមិនយល់គ្នានេះ។ ពាក់ព័ន្ធទៅនឹងបញ្ហារបស់អតីតមេដឹកនាំអតីតគណបក្សប្រឆាំងនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកក្នុងរយៈពេលចុងក្រោយនេះ តែងតែចេញមកនិយាយមួយដងជាពីរដង ដោយទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា នឹងបើកផ្លូវឱ្យអតីតបក្សសង្គ្រោះជាតិមានដង្ហើមធ្វើនយោបាយឡើងវិញ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសបានចេញបកស្រាយបំភ្លឺ ដោយបញ្ជាក់ថា ករណីរបស់លោក កឹម សុខា និងអតីតគណបក្សសង្គ្រោះជាតិ ជាទង្វើផ្ទុយនឹងច្បាប់កម្ពុជា ដោយភ្ជាប់ជាមួយវីដេអូជាច្រើនដែលជាភស្តុតាងរបស់លោក កឹម សុខា ប្រកាសបង្ហាញពីការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយមានបរទេសជាអ្នកជួយជ្រុំជ្រែង។ ខ្ញុំជឿជាក់ថា ឯកឧត្តមបានជ្រូតជ្រាបពីគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ តាមរយៈប្រព្រឹត្តទង្វើក្បត់ជាតិដោយរួមដៃជាមួយបរទេសណាមួយ ដើម្បីដណ្តើមអំណាចមិនតាមបែបលទ្ធិប្រជាធិបតេយ្យ។ សូម្បីប្រទេសរបស់ឯកឧត្តម ក៏បានហាមប្រាមក្នុងច្បាប់យ៉ាងច្បាស់ ហើយកន្លងទៅធ្លាប់បានបើកការស៊ើបអង្កេតជាច្រើនករណីរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ រឿងជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលរុស្ស៉ី ក្នុងពេលធ្វើយុទ្ធាការស្វែងរកសំឡេងឆ្នោត។

ការមិនយល់របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនេះ ប្រហែលជាពេលកន្លងមកអាមេរិកមិនទាន់មានឯកអគ្គរដ្ឋទូតនៅកម្ពុជា ជាហេតុធ្វើឱ្យការឆ្លើយឆ្លងមានឧបសគ្គបង្កជាភាពមិនយល់គ្នាបែបនេះ។ ដូច្នេះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមនឹងធ្វើឱ្យសហរដ្ឋអាមេរិកបានជ្រូតជ្រាបពីការអនុវត្តច្បាប់របស់កម្ពុជា។

ខ្ញុំក៏រំពឹងយ៉ាងមុតមាំថា បេសកកម្មរបស់ឯកឧត្តមនឹងប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរនូវការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិក ដោយធ្វើការជាមួយរាជរដ្ឋាភិបាលស្របច្បាប់។ មិនមែនធ្វើការជាមួយក្រុមជនល្មើសច្បាប់ ក្រុមជនឧទ្ទាម សម រង្ស៉ី ដែលបានប្រកាសដោយចំហរកលុយចិញ្ចឹមកងទ័ព ដើម្បីដណ្តើមអំណាចដោយខុសច្បាប់នោះឡើយ។

សូមបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមទទួលបានជោគជ័យដ៏វិសេសវិសាល។

ដោយក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ វ៉ាន់ សារាយ ពលរដ្ឋខ្មែរដែលមិនចង់ឃើញកម្ពុជា-អាមេរិក មានប្រវត្តិឈឺចាប់ដូចអតីតកាល៕