សម្តេចតេជោ ហ៊ុន សែន ជូនពរដល់បងប្អូនជនរួមជាតិ និងកងទ័ពកំពុងឈរជើងនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីចម្រើន នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃកាន់បិណ្ឌទី១២ តាមរយៈ Facebook សម្តេចសូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់បងប្អូនជនរួមជាតិ និងកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីចម្រើន នៅក្នុងឱកាសនៃថ្ងៃបុណ្យភ្ជុំបិណ្ឌ។

ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលេចផ្លែផ្កានៃសន្តិភាព ដែលបានហុចផលដល់ប្រទេសជាតិ មានសុខដមនីយកម្ម និងការរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះគឺបិណ្ឌទី១២ ហើយ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋទាំង ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត បាននាំក្រុមគ្រួសារទៅធ្វើបុណ្យដាក់បាត្រ ប្រកបដោយទឹកមុខសប្បាយរីករាយ នៅតាមវត្តអារាមនានា។ នេះហើយសន្តិភាព ដែលកំពុងផ្តល់ផ្លែផ្កាដល់សុខដមនីយកម្ម និងការរីកចម្រើន នៅក្នុងប្រទេសជាតិយើង។

ខ្ញុំព្រះករុណា និងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់បងប្អូនជនរួមជាតិ និងកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីចម្រើន នៅក្នុងឱកាសនៃថ្ងៃកាន់បិណ្ឌ ដែលនៅតែ៣ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យភ្ជុំធំនឹងមកដល់»