ឯកឧត្តម ព្រំ សុខា អញ្ជើញប្រកាសតែងតាំងអភិបាលរងខេត្តព្រះសីហនុ


នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅសាលា ខេត្តព្រះសីហនុ រៀបចំប្រកាសតែងតាំងអភិបាលរងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុង ខេត្តព្រះសីហនុ ជាច្រើនទៀត ។

តាមអនុក្រឹត្យលេខ ១១៦៨ អនក្រ.តត សម្រេចតែងតាំងលោក ជាវ វិជ្ជាក់ ឋានន្តរសក្តិវរមន្ត្រីថ្នាក់លេខ៤ ឱ្យកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសលោក សុខ ផន ដែលត្រូវបាន ចូលនិវត្តន៍ ។

អភិបាលខេត្តឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ថ្ងៃនេះជាមោទនភាពដែលក្រ សួងមហាផ្ទៃ បានតែងតាំង អភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុ ជំនួសលោកអភិបាលរងបានចូលនិវត្តន៍ ហើយនេះជាការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងការពង្រឹងការងារគ្រប់គ្រងលើកកម្ពស់ ប្រសិទ្ធភាពការងារ ក៏ដូចជាការលើកទឹកចិត្តដល់ថ្នាក់ ដឹកនាំមន្ត្រីរាជការក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រា រដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់អភិបាលរងថ្មី ត្រូវខិតខំលើកកម្ពស់ស្មារតីឆន្ទៈ គោរពអនុវត្តន៍នូវគោល នយោបាយរបស់រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃក្នុងការគោរពប្រតិបត្តិច្បាប់ ពង្រឹងយុត្តិធម៌ បម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ ចូលរួមអនុវត្តន៍តាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យរបស់ រាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រវិមជ្ឈការ និងវិសហមជ្ឈការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដើម្បីបង្កើនការជឿជាក់របស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ព្រំ សុខា មានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដោយលើក ឡើងអំពីកំណែទម្រង់គោលនយោបាយ និងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ។

ឯកឧត្តម បន្តថាខេត្តព្រះសីហនុសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងរយៈពេល៣ឆ្នាំមកនេះ ស្របតាម គោលនយោបាយយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ ចូលរួមពង្រឹងខឿនសេដ្ឋកិច្ចជាតិ ពិសេសស្ថិរភាព នយោបាយស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពជាធ្វើឱ្យកំណើនសេដ្ឋកិច្ច កម្ពុជាក្នុងឆ្នាំ២០១៦ ទទួលបាន ៧ភាគរយ និងតាមការព្យាករណ៍ ឆ្នាំ២០១៧ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៧ភាគរយ ។ រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញបង្កើនប្រសិទ្ធភាពសេវាសាធារណៈ ដោយមានការចូលរួម ពីប្រជាពលរដ្ឋ ប្រកបដោយស្ថិរភាព និងការអភិវឌ្ឍ ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ពិសេសត្រូវ ពង្រឹងពង្រីកសមត្ថភាពដល់មន្ត្រីឱ្យមានសមត្ថភាព ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តថ្មី បានប្ដេជ្ញាចិត្តថា ខិតខំអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ។ អនុវត្តន៍នូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណ តំណាក់កាលទី៣ ក្រោមការដឹក នាំដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ គោរព និងអនុវត្តន៍គោលនយោបាយដឹកនាំតាមគន្លងមាគ៌ាប្រកប ដោយគតិបណ្ឌិតរបស់សម្តេចក្រឡាហោម ស ខេង ដើម្បីពង្រឹងការដឹកនាំប្រកបដោយប្រសិទ្ធភាព តម្លាភាព នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ចូលរួមទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់ ប្រជាពលរដ្ឋ ជំរុញការផ្តល់សេវាសាធារណៈ សេវាសង្គមឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីរួមចំណែកលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ចូលរួមកសាង និងអភិវឌ្ឍន៍ខេត្តតាមកំណែទម្រង់បណ្តុះបណ្តាល ធនធានមនុស្ស កែលម្អសោភណ្ឌភាពក្រុង និងទីប្រជុំជន ចូលរួមប្រឡងប្រណាំងទីក្រុងស្អាត បរិស្ថានល្អ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ។ ចូលរូមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរ ស្ថាប័ន អង្គភាព ជុំវិញខេត្ត វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធានានូវស្ថិរភាពសង្គម ជំរុញការអភិវឌ្ឍក្នុងមូលដ្ឋាន ។ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព រក្សាសន្តិសុខ សុវត្ថិភាពសង្គម និងភាពសុខដុម នីយកម្មជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ៕