រដ្ឋបាលក្រសួងមហាផ្ទៃ បានចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្នុងការិយបរិច្ឆេទ២០១៨ នៅរដ្ឋបាលខេត្តសៀមរាប


ព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលក្រសួងមហាផ្ទៃ បានចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្នុងការិយបរិច្ឆេទ២០១៨ នៅរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយ លោក ជួន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រតិភូក្រសួងមហាផ្ទៃ លោកនាយក នាយរង រដ្ឋបាល លោក លោកស្រី នាយក នាយករង ទីចាត់ការ អង្គភាព និងមន្ត្រីចំណុះទីចាត់ការ អង្គភាព រដ្ឋបាលខេត្តសៀមរាប។

ការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្នុងការិយបរិច្ឆេទ២០១៨ នៅរដ្ឋបាលខេត្តសៀមរាបនេះ ក្នុងគោលដៅពង្រឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ស្មារតីការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួន ឲ្យស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាពិសេសជំរុញការចាត់ចែងអនុវត្តមុខងារនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ដើម្បីជួយលើកស្ទួយគុណភាពជីវិត របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាពខ្ពស់។

ការចុះតាមដាន ត្រួតពិនិត្យនេះផងដែរ ក៏បានផ្តោតសំខាន់ទៅលើចំណុចមួយចំនួនដូចជា ៖
-ពិនិត្យ និងវាយតម្លៃលើការងារគ្រប់គ្រង ចាត់ចែងកិច្ចការរដ្ឋបាល
-ពិនិត្យលើការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការ
-ពិនិត្យលើការអនុវត្តមុខងារនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានា
-ពិនិត្យនីត្យានុកូលភាពលើសំណុំឯកសារលិខិតស្នាមរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត
-ពិនិត្យលើការងារផ្សេងៗ។