ចំសិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ មានរៀបចំសិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (Cambodia Agriculture Sector Diversification Project, CASDP) ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកស្រី Inguna Dobraja តំណាងធនាគារពិភពលោកប្រចាំកម្ពុជា (The World Bank) និងមានការចូលរួមពីឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ជាបឋម លោកបណ្ឌិត សរ ចិត្រា នាយកគម្រោងបានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីសាវតាររបស់គម្រោងដោយសង្ខេបថា CASDP បានអនុម័តដោយធនាគារពិភពលោក កាលពីខែមករា ឆ្នាំ២០១៩ ដែលមានថវិកាសរុប ១០១,៦៧លានដុល្លារ ដែលក្នុងនេះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១០លានដុល្លារ មានរយ:ពេល ៦ឆ្នាំ (២០១៩-២០២៥) ក្នុងខេត្តគោលដៅចំនួន ១២ គឺខេត្តកំពង់ឆ្នាំង បាត់ដំបង ព្រះវិហារ សៀមរាប ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ។ បន្ទាប់មកលោកស្រីតំណាងធនាគារពិភពលោក បានធ្វើចំណាប់អារម្មណ៍ជុំវិញគម្រោងខាងលើក្នុងន័យសំខាន់ៗថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាព បង្កើតការងារ និងកំណើនសេដ្ឋកិច្ចជាតិ។ គម្រោង CASDP វានឹងបំពេញតួនាទីសំខាន់ៗដូចជា១. ជួយសម្របសម្រួលការវិនិយោគធុរកិច្ចកសិកម្ម ២. ជំរុញ និងលើកទឹកចិត្តការវិនិយោគកសិដ្ឋាន និងសម្ភារកសិកម្ម ៣. ពង្រឹង និងផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ និងទីផ្សារ ៤. លើកទឹកចិត្តឲ្យមានកាលានុវត្តភាពធុរកិច្ចកសិកម្ម ៥. កំណត់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហា ដើម្បីគាំទ្រ និងអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម។ លោកស្រីក៏បានបញ្ជាក់បន្ថែមថា ធនាគារពិភពលោកនឹងនៅបន្តធ្វើការគាំទ្រ និងឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

មានមតិស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះធនាគារពិភពលោកដែលបានផ្ដល់ហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាតាំងពីឆ្នាំ១៩៩៧ រហូតមកដល់ពេលបច្ចុប្បន្ន។ ជាសក្ខីភាព គម្រោងស្តីពី “ពិពិធកម្មវិស័យកសិកម្មកម្ពុជា” ជាគម្រោងថ្មីមួយដែលឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដូចដែលបានរៀបរាប់យ៉ាងក្បោះក្បាយ ព្រមទាំងគំនិតផ្តួចផ្តើម និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយអត្ថន័យ និងខ្លឹមសារក្នុងចំណាប់អារម្មណ៍របស់លោកស្រីតំណាងពិភពលោកហើយឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏មានតម្លៃនេះ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនអង្គពិធីបានជ្រាបថា យោងតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យកសិកម្មតាមរយ:ការធ្វើទំនើបកម្មលើវិស័យកែច្នៃ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ បង្កើនតម្លៃបន្ថែម ដើម្បីធ្វើការប្រកួតប្រជែង។ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើការបង្កើនផលិតភាព ការធ្វើពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ការគ្រប់គ្រងធនធានជលផល និងព្រៃឈើប្រកបដោយចីរភាព ការពង្រឹងស្ថាប័ន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ការបង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងការអភិវឌ្ឍធនធានមនុស្សផ្អែកលើគោលការណ៍អាទិភាពចំនួន៤ គឺ “មនុស្ស ផ្លូវ ភ្លើង និងទឹក”។ លោកក៏បានបន្តថា វិស័យកសិកម្មនៅតែបំពេញតួនាទីយ៉ាងសំខាន់ដើម្បីចីរភាពកំណើនសេដ្ឋកិច្ច-សង្គមនៅជនបទ ការកាត់បន្ថយភាពក្រីក្រ និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង។ ហេតុផលនេះ លោកបានស្នើឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវមានឆន្ទៈចូលរួមអភិវឌ្ឍន៍បន្តទៀត និងវិនិយោគវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នដោយផ្សារភ្ជាប់ទៅនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជានាឆ្នាំ២០៣០ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន សាកលភាវូបនីយកម្ម ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាស ធាតុ និងការអភិវឌ្ឍបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងទិសដៅប្រែក្លាយ កសិកម្មកម្ពុជាឲ្យទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរ ភាព កំណើនប្រាក់ចំណូលដើម្បីរួមចំណែកធ្វើឲ្យសម្រេចនូវចក្ខុវិស័យនៅឆ្នាំ២០៣០ និង ២០៥០។ ដើម្បីដើរដល់គោលដៅនេះ ក្រសួងបាននិងកំពុងផ្សព្វផ្សាយ និងជំរុញឲ្យអនុវត្តបច្ចេកវិទ្យា នវានុវត្តន៍ថ្មីៗ ប្រើប្រាស់ធាតុចូលកសិកម្មសមស្របប្រកបដោយភាពវៃឆ្លាត អភិវឌន្ឍន៍ធនធានមនុស្សសម្រាប់គាំទ្រ ផ្តល់ និងសម្របសម្រួលសេវាផ្សព្វផ្សាយកសិកម្ម ក៏ដូចជាការ បង្កើតបរិយាកាសដល់កសិករ និងសហគមន៍កសិកម្មក្នុងការទទួលយក និងការប្រើប្រាស់សេវាផ្សព្វផ្សាយព័ត៌មានបច្ចេកទេសកសិកម្មឲ្យបានទូលំទូលាយ។ យកចិត្តទុកដាក់អភិវឌ្ឍកសិដ្ឋានគំរូ និងពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្ម ដោយត្រូវផ្តល់ការលើកទឹកចិត្ត និងពង្រឹងសមត្ថភាព ដើម្បីផលិតក្នុងទ្រង់ទ្រាយធំតាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយអនុវត្តតាមស្តង់ដារផលិតកម្មប្រកបដោយនិរន្តរភាព រួមបញ្ចូលទាំងការអនុវត្តកសិកម្មល្អ និងកសិកម្មសរីរាង្គជាដើម។

ដោយឡែង ទាក់ទងនឹងគម្រោងអភិវឌ្ឍវិស័យកសិកម្ម លោកបានណែនាំឲ្យអង្គភាពអនុវត្តគម្រោងត្រូវធ្វើបច្ចុប្បន្នភាពគោលដៅ គោលបំណង និងសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីឲ្យស្របទៅនឹងការវិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ និងស្ថានភាពសេដ្ឋកិច្ចក្នុងបរិបទនៃសាកលភាវូបនីយកម្ម។ អង្គភាពជំនាញ មន្រ្តី និងភ្នាក់ងារអនុវត្តគម្រោងទាំងអស់ត្រូវរៀនសូត្របន្ថែមទៀតអំពីបទពិសោធន៍ បញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រង ដឹកនាំ និងអនុវត្តគម្រោងឲ្យសម្រេចទទួលបានជោគជ័យ។ គម្រោង CASDP នេះពិតជាចូលរួមចំណែកក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចជាតិ ចក្ខុវិស័យ ទិសដៅ និងយុទ្ធសាស្រ្តដូចបានលើកឡើងខាងដើមនេះក៏ពិតមែន ប៉ុន្តែជាការឆ្លើយតប លោកស្នើឲ្យមន្រ្តីនៃអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្រ្តីអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបង្កើនសមត្ថភាព និងយកចិត្តទុកដាក់អនុវត្តសកម្មភាពការងាររបស់ខ្លួនតាមភារកិច្ចឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាស្របតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដោយត្រូវរៀបចំយុទ្ធសាស្រ្ត ផែនការ សកម្មភាព ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងបានល្អប្រសើរតាមគោលដៅរំពឹងទុក រួមជាមួយនឹងការប្រើប្រាស់ហិរញ្ញប្បទានប្រកបដោយតម្លាភាពក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងបរិបទបច្ចុប្បន្ននេះ។