សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងបញ្ហាបដិវត្តន៍ពណ៌ ជារឿងដែលទាមទារឲ្យរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមវិធានការទប់ស្កាត់ ប្រកបដោយភាពបត់បែន និងម្ចាស់ការ។
តាមរយៈសារលិខិតដែលផ្ញើជូនយោធិនទាំងអស់ នៃកងពលតូចលេខ៧០ ក្នុងឱកាសខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតកងពល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់ទាមទារ ឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា ទោះបីជាកម្ពុជា មានមោទនភាពចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលសម្រេចបានមកហើយយ៉ាងណាក្តី ប៉ុន្តែយើងទាំងអស់គ្នាក៏សុទ្ធតែបានជ្រួតជ្រាបថា ឆ្នាំ២០១៩នេះ បើទោះបីជាកម្ពុជា ទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោល ពីស្ថានការណ៍អសន្តិសុខ របស់ពិភពលោកក៏ដោយ បញ្ជាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទនៅតែជាកម្មវត្ថុដ៏សំខាន់ ប្រកបដោយគ្រោះថ្នាក់ គួបផ្សំនឹងភាពផុយស្រួយ ដែលបង្កឡើងដោយការវិវត្តប្រែប្រួល នៃសភាពការណ៍អន្តរជាតិ។
បន្ថែមពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានបានបង្ហាញនូវគោលដៅសំខាន់២ នៃគោលយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺធ្វើឲ្យមានសន្ដិភាព ស្ថិរភាពយូរអង្វែង និងកសាងឱកាសសម្រាប់ការអភិវឌ្ឍ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សន្តិភាព ស្ថិរភាពនយោបាយ និងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទផងដែរ៕