បេក្ខជនសិស្សនិស្សិតប្រមាណ២១៨៣នាក់មកពី២៥ រាជធានី-ខេត្តចូលរួមប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលចូលបម្រើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំ២០១៩


ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ដើម្បីបង្ហាញឱ្យឃើញច្បាស់ពីការធានាបាននូវភាពសម្ងាត់នៃសំណួរប្រឡង ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញបើកវិញ្ញាសារប្រឡង ដែលបានវេចខ្ចប់ចុះហត្ថលេខានៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន និងតំណាងមកពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមុខងារសាធារណៈ និងបេក្ខជនសិស្សនិស្សិត ដែលបានចូលរួមប្រឡង។

ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្ត ដល់បេក្ខជនបេក្ខនារីទាំងអស់ឱ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងអំឡុងពេលប្រឡង និងបានសង្កត់ធ្ងន់ថា មានតែបេក្ខជនបេក្ខនារី ដែលមានសមត្ថភាពពិតប្រាកដប៉ុណ្ណោះ ដែលត្រូវជ្រើសរើសឱ្យចូលបម្រើការនៅក្រសួងសាធារណការ និង ដឹកជញ្ជូន។

ការប្រឡងនេះបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក និងវិទ្យាល័យសន្ធរម៉ុក មានបេក្ខជនសិស្សនិស្សិតប្រមាណ២១៨៣នាក់ មកពី២៥រាជធានីខេត្តទូទាំងប្រទេសចូលរួមប្រឡង ក្រោមការត្រួតពិនិត្យ និងការសម្របសម្រួលពីមន្ត្រីប្រមាណ៣០០រូប មកពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន ៕