ឯកឧត្តមបណ្ឌិត ថោង ខុន ទទួលជួបការសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនធំៗចំនួន៥មកពីប្រទេសចិន


នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបការសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនធំៗចំនួន៥មកពីប្រទេសចិនដឹកនាំដោយលោក Yuan Hao នាយកប្រតិបត្តិនៃក្រុមហ៊ុន China CYTS Tours Holding Co,Ltd ដែលជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗទាំង៥ ហើយមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនទៀត នៅទីស្ដីការក្រសួងទេសចរណ៍។

ប្រតិភូវិនិយោគិនចិនខាងលើ បានចូលមកស្វែងរកឱកាសវិនិយោគ លើវិស័យទេសចរណ៍នៅកម្ពុជា ហើយគោលដៅធំរបស់ពួកគេ គឺចង់វិនិយោគនៅតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តព្រះសីហនុ និងខេត្តកំពត លើវិស័យសណ្ឋាគារ ភោជនីយដ្ឋាន តំបន់កម្សាន្តនានា ផ្សារទំនើបធំៗ ក្លឹបកីឡា និងវិស័យជាច្រើនទៀត ដែលទាក់ទងទៅវិស័យទេសចរណ៍ បន្ទាប់ពីបានសិក្សាអំពីសក្ដានុពលវិស័យទេសចរណ៍កម្ពុជា បានខ្លះៗហើយ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនព័ត៌មានសំខាន់ៗ ជូនតំណាងក្រុមហ៊ុនទាំងនោះ ក្នុងនោះរួមមាន ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាគោលនយោបាយចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា ហ៊ុំព័ទ្ធដោយភាពសុខដុមរមនា សុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន និងបន្តថែរក្សាទៅថ្ងៃអនាគត។ មួយទៀតសោត កម្ពុជាមានសក្ដានុពលទេសចរណ៍ពីធម្មជាតិជាច្រើន ដែលសុទ្ធសឹងជាឱកាសវិនិយោគដ៏សម្បូរបែប។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ចាក់ថា ជាប្រវត្តិសាស្រ្ត រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អ និងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលចិន ពិសេសក្រោយដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង កាលពីពេលកន្លងទៅថ្មីៗ ក៏កាន់តែជំរុញកំណើនភ្ញៀវទេសចរចិន និងអ្នកវិនិយោគចិន ចូលមកទស្សនាកម្សាន្ត និងវិនិយោគនៅកម្ពុជា ច្រើនឡើងថែមទៀតដែរ។ មួយវិញទៀត ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា​ បាននិងកំពុងមានសន្ទុះកើនឡើង រៀងរាល់ឆ្នាំ ហើយការផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរពិភពលោក ក៏កាន់តែទូលំទូលាយផងដែរ។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ជាង៥លាននាក់ ក្នុងអត្រាកំណើនប្រមាណ ៥ភាគរយ បន្ថែមទៀត (ការប៉ានប្រមាណដំបូង) ក្នុងនោះភ្ញៀវទេសចរចិនដែលចូលមកទស្សនាកម្ពុជា មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់គឺមាន ការកើនជិត២0ភាគរយ។

ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ក៏បានអំពាវនាវដល់ក្រុមអ្នកវិនិយោគចិនទាំងនោះ ធ្វើយ៉ាងសម្រេចឲ្យបានគោលដៅសិក្សាស្រាវជ្រាវរបស់ខ្លួន និងធ្វើការវិនិយោគទុនឲ្យបានច្រើន រាជរដ្ឋាភិបាលកម្ពុជា រីករាយស្វាគមន៍ជានិច្ច។ ឆ្លើយតបនឹងសំណើនេះ ខាងភាគីចិនបានសន្យា នឹងខិតខំកៀរគរអ្នកវិនិយោគ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ឲ្យបានស្វែងរកឱកាសវិនិយោគ និងមកវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៥នោះ រួមមាន៖ ទី១.ក្រុមហ៊ុន China CYTS Tours Holding Co,Ltd, ទី២.ក្រុមហ៊ុន China Enterprise News Group, ទី៣.ក្រុមហ៊ុន Key Royal Capital, ទី៤.ក្រុមហ៊ុន Yunshan Capital និងទី៥.ក្រុមហ៊ុន Shu & Cambodia Tianyu Company។