នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងបរិស្ថាន អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ស្ដីពីការបង្កើនប្រសិទ្ធភាពនៃការអនុវត្តរដ្ឋបាលទំនើប មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ចំនួន២ រួមមាន ៖ ១)បូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឆ្នាំ២០១៩ និងត្រួតពិនិត្យលើបញ្ហាប្រឈម និងទិសដៅការងារបន្តឆ្នាំ២០២០ ២)លើកកម្ពស់និងបង្កើនប្រសិទ្ធភាពនៃចូលរួមអនុវត្ត ដើម្បីសម្រេចគោលដៅអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការជជែកពិភាក្សាលើបញ្ហាប្រឈម ភាពចន្លោះប្រហោង និងដំណោះស្រាយជាយុទ្ធសាស្ត្រ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្រែក្លាយទៅជារដ្ឋបាលទំនើប និងការផ្សព្វផ្សាយស្ដីពីនីតិវិធីនៃការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យបរិស្ថាន។ សិក្ខាសាលានេះ បានផ្ដោតយ៉ាងសំខាន់ លើការពិភាក្សារួមមាន៖ ១) ការពង្រឹងប្រសិទ្ធភាពលើកិច្ចការគ្រប់គ្រងរដ្ឋបាល និងពិធីការ ២)ការពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងក្របខណ្ឌ ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រការងារ បរិស្ថាននិងធនធានធម្មជាតិ ៣)ប្រសិទ្ធភាព នៃការគ្រប់គ្រងបុគ្គលិក/មន្ត្រីរាជការ
៤) ការរៀបចំផែនការយុទ្ធសាស្រ្ត ផែនការថវិកា ដើម្បីទ្រទ្រង់ដល់ការអនុវត្តគោលនយោបាយរបស់ក្រសួង ៥)ប្រសិទ្ធភាពនៃការអនុវត្តចំណូល ប្រកបដោយ តម្លាភាពនិងគណនេយ្យភាព
៦)ប្រសិទ្ធភាពនៃការអនុវត្តចំណាយប្រកបដោយតម្លាភាពនិង គណនេយ្យភាព ៧)ប្រសិទ្ធភាព នៃការគ្រប់គ្រងបញ្ជីសាពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ៨)ប្រសិទ្ធភាព និងការអនុវត្តការងារលទ្ធកម្ម។