សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចនៅ សង្កាត់និរោធ


រសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ បានចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ … ។
មានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំង និងអាជ្ញាធរសង្កាត់ នាឱកាសនោះ សម្តេច បានជំរាបសួរសុខទុក្ខ អំពីស្ថានភាពមុខរបរ ការងារ និង ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូន …ជាពិសេស បញ្ហាផ្តល់សេវាសាធារណៈជូនប្រជាជន និងបញ្ហា រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន … ។
សម្តេចភក្តី ក៏បានជំរាបជូនផងដែរអំពីសភាពការណ៍វិវត្តន៍រីកចម្រើនថ្មីៗរបស់ប្រទេសជាតិ
ចំពោះបញ្ហាប្រឈម ការខ្វះខាត និងបាតុភាពអសកម្មមួយចំនួនដែលបងប្អូន ជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃបច្ចុប្បន្ននេះ គឺជាក្តីកង្វល់របស់រាជរដ្ឋា-
ភិបាលដែលកំពុងខិតខំដោះស្រាយជាជំហានៗ… ។
ចំពោះឧបាយកលញុះញង់ បំផ្លើសបំភ្លៃ បោកបញ្ឆោតអូសទាញរបស់ក្រុមប្រឆាំង ក្រុមអគតិមួយក្តាប់តូចដែលកំពុងបំផុសបំផុល បំពុលសភាពការណ៍សង្គមសព្វថ្ងៃ ក្នុងបំណងបំផ្លិចបំផ្លាញនូវសុខសន្តិភាព និងការរីកចម្រើនរបស់សង្គមជាតិបច្ចុប្បន្ន សូមកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់យកចិត្តទុកដាក់តាមដានក្តាប់សភាពការណ៍ជាប់ជាប្រចាំ ហើយអប់រំទប់ស្កាត់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំឲ្យចាញ់បោកជឿតាមការឃោសនារបស់គេដែលគឺជាការល្មើសនឹងច្បាប់ ហើយអាចឈានទៅរងគ្រោះប្រឈមនឹងច្បាប់ ដែលនាំដល់ការបាត់បង់ពេលវេលាប្រកបការងាររកស៊ី និងផលប្រយោជន៍ផ្ទាល់ខ្លួនផង ហើយក៏នឹងបង្កគ្រោះចលាចលក្នុងសង្គមជាតិយើងផងដែរ…។
មុនបញ្ចប់ សម្តេចបានក្រើនរំលឹក ៖
– បន្តយកចិត្តទុក្ខដាក់ ក្នុងការបំរើសេវាសាធារណៈ ជូនប្រជាជនយើងដោយមិនរើសអើង និងប្រកបដោយតម្លាភាព ហើយឆាប់រហ័ស …។
– ខិតខំអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយផ្តោតជាចំបងលើបញ្ហារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានរឹងមាំ
ទប់ស្កាត់ លុបបំបាត់ ដើម្បីកាត់បន្ថយ បទល្មើស(ជាពិសេសសកម្មភាពជួញដូរ ប្រើប្រាស់គ្រឿងញៀន) និងភាពអសកម្មនានាឲ្យនៅតិចតួចបំផុត និងខិតខំដោះស្រាយបញ្ហាប្រឈម ទុក្ខលំបាករបស់ប្រជាជនឲ្យបានច្រើន …។