អភិបាលខេត្តកំពង់ចាម លើកឡើងថាវិស័យសុខាភិបាល ជាឆ្អឹងខ្នងសម្រាប់ ទ្រទ្រង់ ដល់សុខមាលភាព ប្រជាជនទាំងមូល


អភិបាលខេត្តកំពង់ចាម បានលើកឡើងថាវិស័យសុខាភិបាល ជាឆ្អឹងខ្នងសម្រាប់ ទ្រទ្រង់ដល់សុខមាលភាព ប្រជាជនទាំងមូល ដូចនេះចាំបាច់ត្រូវតែមានការកែលម្អជាប្រចាំ ដើម្បីយើងមានប្រជាជនប្រកបដោយសុខភាពនិងថាមពលសម្រាប់បំពេញការងារក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើង។

ថ្លែងក្នុងសិក្ខាសាលា ចែករំលែកបទពិសោធន៍ ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៃអង្គភាពផ្តល់សេវាសាធារណៈ គំរូ ក្នុងវិស័យសុខាភិបាល នៅខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្ផ្តល់សេវាសាធារណៈថ្នាក់ជាតិ ដែលប្រារព្ធធ្វើនៅសាលសន្និសីទសាលាខេត្ត កំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៏ ថាដើម្បីទ្រងទ្រង់ដល់ការរីកលូតលាស់នៃវិស័យសុខាភិបាលក៏ដូចជារដ្ឋបាលសាធារណៈទាំងមូល រាជរដ្ឋាភិបាលក៏បានអនុវត្តនូវគោលនយោបាយសំខាន់ៗមួយចំនួនទៀតដែរសំដៅលើកទឹកចិត្តដល់មន្រ្តីរាជការ និងពង្រឹង ផលិតភាពវិស័យសាធារណៈ ពិសេសការដំឡើងបៀវត្សនៅរៀងរាល់ឆ្នាំ និងធ្វើឱ្យ កម្រិតបៀវត្សមន្រ្តីរាជការទាបបំផុតនៅឆ្នាំ២០១៨ មានចំនួនជាងមួយលានរៀលនិយាយជារួម និងជាងមួយលានមួយសែនរៀលសម្រាប់វិស័យសុខាភិបាល និយាយ ដោយឡែក ។

ឯកឧត្តម អ៊ុនចាន់ដាមានប្រសាសន៏បញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តគិតគូដំឡើងបៀវត្សជូនមន្រ្តីរាជការ បន្ថែមទៀត នៅរៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៣ ដោយផ្អែកទៅតាមកំណើន សេដ្ឋកិច្ច និងលទ្ធភាពភាពទ្រទ្រង់បាននៃថវិកាជាតិ។ក្នុងនោះ ការកសាងជំនឿនិងទំនុកចិត្តពីប្រជាពលរដ្ឋ គឺជាការលំបាក ដែល រាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់តាមរយៈការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។ ដូចនេះ យើង នៅមានកិច្ចការជាច្រើនទៀតដែលត្រូវរួមគ្នាគិត រួមគ្នាបង្កើត និងរួមគ្នាធ្វើ ដើម្បីឱ្យវិស័យសុខភិបាល របស់យើងកាន់តែរីកចម្រើនស្របតាមតម្រូវការប្រជាពលរដ្ឋ និងការវិវឌ្ឍន៍ថ្មីៗនៃ បច្ចេកវិទ្យាក្នុងបដិបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤៕