(ត្បូងឃ្មុំ)៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំឱ្យអង្គភាពសភាពាណិជ្ជកម្មមណ្ឌលខេត្តត្បូងឃ្មុំ ក្នុងនាមក្បាលម៉ាស៊ីន ទំហំពាណិជ្ជកម្មខេត្ត ត្រូវរួមសាមគ្គីគ្នារៀបចំដំណើរការ ការងារឱ្យបានល្អ មានសាមគ្គីភាពផ្ទៃក្នុងរួមគ្នា ដើម្បីទាក់ទាញអ្នកវិនិយោគទុនធំៗ មកទំនាក់ទំនងបណ្តាក់ទុករកស៊ីក្នុងខេត្តឱ្យកាន់តែមានសន្ទុះទ្វេឡើង ដើម្បីជួយសម្រួលលក្ខណៈងាយស្រួលដល់អាជីវករ សេវាករ កសិករ និងអ្នករកស៊ីទាំងអស់ក្នុងខេត្ត មានទីផ្សារល្អច្បាស់លាស់ ជួយលើកកម្ពស់កម្រិតជីវភាពពលរដ្ឋក្នុងខេត្តទាំងមូល។
ការលើកឡើងបែបនេះ របស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានធ្វើឡើងនាថ្ងៃ២១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ ក្នុងឪកាសទទួលជួបសំណេះសំណាលជាមួយអង្គភាពសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដោយមានលោកឧកញ៉ា សុខ ហ៊ាង ដែលទើបជាប់ជាប្រធាន។
ក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកបង្ហាញពី GDP របស់ប្រជាពលរដ្ឋ ដែលមានកំណើនគួរឱ្យកត់សម្គាល់ បើប្រៀបធៀបជាមួយ GDP ប្រជាពលរដ្ឋទូទាំងប្រទេស ដោយប្រជាពលរដ្ឋទូទាំងខេត្តកើនឡើងមានរហូតជិត៩០ម៉ឺននាក់ និងមានប្រមាណ៥០០ក្រុមហ៊ុន និងសហគ្រាស។
ឯកឧត្តមបានបន្ថែមថា ពិសេសស្ថានភាពទំហំពាណិជ្ជកម្មក្នុងខេត្ត ដែលផ្តល់ភាពងាយស្រួល ច្រើនសម្រាប់ការចរាចរ ព្រោះខេត្តត្បូងឃ្មុំ មានព្រំដែន ជាប់ប្រទេសជិតខាង មានច្រកធំៗដល់ទៅ៧ច្រក ដែលធ្វើឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ស្របទៅនឹងស្ថានភាពខេត្តនេះ ពោរពេញទៅដោយសក្តានុពល លើវិស័យកសិកម្ម និងកសិឧស្សាហកម្មខ្ពស់ផងដែរ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនេះទាំងនៅខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេស ច្បាស់ណាស់ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបវិនិយោគិនក្នុងស្រុក និងក្រុមហ៊ុនបរទេសធំៗ ហ៊ានមកបណ្តាក់ទុករកស៊ីនៅកម្ពុជា ដែលយើងគ្រប់គ្នាបានឃើញស្រាប់នាពេលកន្លងទៅ ក៍ដូចជាបច្ចុប្បន្ននេះ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបន្ថែមទៀតថា ទោះបីសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ទើបតែបង្កើតថ្មីមែន តែមិនមែនក្មេងខ្ចីនោះទេ ក្រោមការដឹកនាំរបស់លោកឧកញ៉ា សុខ ហ៊ាង ដែលមានបទពិសោធន៍ជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាមជាច្រើនអាណត្តិមកហើយ ហើយឯកឧត្តមបានកោតសរសើរ ដល់លោកឧកញ៉ាដែលបានលាលែងពីតំណែងពីខេត្តកំពង់ចាម មកឈរឈ្មោះ ហើយជាប់ជាប្រធានសភាពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ នាពេលនេះ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងណែនាំដល់ប្រធានអង្គភាពសភាពាណិជ្ជកម្មខេត្ត ត្រូវធ្វើការបែងចែកភារកិច្ច តួនាទីនៅក្នុងអង្គភាព ឱ្យបានច្បាស់លាស់ ដើម្បីឱ្យអង្គភាពមានការរីកចម្រើន លើវិស័យពាណិជ្ជកម្ម និងរៀបចំទីតាំងការិយាល័យឱ្យបានសមរម្យ ដើម្បីត្រៀមទទួលអ្នកវិនិយោគទុនធំៗ ដែលសំលឹងឃើញសក្តានុពលនានា នឹងមកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តត្បូងឃ្មុំ៕