ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះអាជ្ញាធរខេត្តចុះពិនិត្យផ្លូវ និងបណ្ដាញលូទឹកចំនួន ៣ខ្សែ ក្នុងចំណោមផ្លូវ និងបណ្ដាញលូទឹកចំនួន ១៧ខ្សែដែលត្រូវសាងសង់ចាក់បេតុង និងដាក់លូបង្ហូរទឹកចេញពីក្រុង ដែលគម្រោងនេះនឹងបេីកការដ្ឋានសាងសង់ក្នុងរយៈពេលឆាប់ៗ ខាងមុខ និងមានការចូលរួមពីលោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គឺវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពធំៗ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏ចម្បងរបស់ជាតិ ដេីម្បីការងារអភិវឌ្ឍន៍ឲ្យមានការរីកចម្រេីនលេីគ្រប់វិស័យ ជាពិសេសដេីម្បីធ្វេីឲ្យរាជធានី ខេត្ត នីមួយៗតភ្ជាប់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសេីរឡេីង ក្នុងនោះដេីម្បីរៀបចំក្រុងសៀមរាបឲ្យមានសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ បញ្ជៀសការកកស្ទះចរាចរណ៍ និងចៀសផុតពីការកកស្ទះប្រព័ន្ធលូរបង្ហូរទឹក ទឹកភ្លៀង ទឹកជំនន់ និងដេីម្បីបង្ហូរទឹកចេញពីក្រុង និងធ្វេីឲ្យទីក្រុងស្រស់ស្អាតសមជាទីក្រុងវៃឆ្លាត (Siem Reap Smart City)ស្រមតាមយុទ្ធសាស្ដ្រទីក្រុងវៃឆ្លាតកម្ពុជា ។
ក្នុងឆ្នាំ២០១៩ រដ្ឋបាលខេត្តមានគម្រោងសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធចំនួន ១៧ខ្សែ ហេីយគម្រោងនេះទទួលម៉ៅការសាងសង់ និងជួសជុលដោយ កម្លាំងកងវិស្វកម្ម ឯកឧត្តម សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាប ។
សូមបញ្ជាក់ ផ្លូវ និងបណ្ដាញលូទឹកចំនួន ០៣ខ្សែ ក្នុងចំណោមផ្លូវ និងបណ្ដាញលូចំនួន ១៧ខ្សែ ដែលត្រូវសាងសង់ និងជួសជុលក្នុងឆ្នាំ២០១៩នេះ រួមមាន៖
១-សាងសង់ផ្លូវបេតុង និងដាក់លូបណ្ដោយផ្លូវមុខកាត់ ០១ម៉ែត្រ ភូមិតាវៀន សង្កាត់សាលាកំរេីក (ពីផ្លូវក្រោយផ្សារលេី កាត់ផ្ទះតាអុច ដល់ផ្លូវវាងក្រុង) ប្រវែង ១២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ។
២-សាងសង់ផ្លូវបេតុង និងដាក់លូបណ្ដោយផ្លូវមុខកាត់ ០១ម៉ែត្រ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម (ពីផ្លូវជាតិលេខ ៦ ចំណុចភ្លេីងស្តុប ស្មាយលីង ដល់ផ្លូវផ្ទះតាអុច) ប្រវែង ៣៥០ម៉ែត្រ ទទឹង ០៨ម៉ែត្រ។
៣-សាងសង់ផ្លូវបេតុង និងដាក់លូបណ្ដោយផ្លូវមុខកាត់ ០.៨ម៉ែត្រ ភូមិតាវៀន សង្កាត់សាលាកំរេីក (ពីភោជនីយដ្ឋានស្វាយមាស ដល់ផ្លូវវាងក្រុង) ប្រវែង ៨៨៥ម៉ែត្រ ទទឹង០៧ម៉ែត្រ៕