ការសំណូមពររបស់ពលរដ្ឋនៅសង្កាត់ស្វាយរលំ ខេត្តកណ្ដាល ត្រូវបានក្រុមការងារគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា សន្យាដោះស្រាយជូន


(កណ្ដាល)៖ បន្ទាប់ពីស្ដាប់ការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ នៅក្នុងវេទិកាសាធារណៈ កាលពីថ្ងៃទី២៣ ខែតុលាម្សិលមិញនេះ គណៈពង្រឹងសង្កាត់ស្វាយរលំ នៃគណបក្សប្រជាជនកម្ពុជា បានសន្យាជួយដោះស្រាយជូនពលរដ្ឋដោយក្ដីរីករាយ។

អង្គវេទិកាម្សិលមិញនេះ ចូលរួមដោយប្រជាពលរដ្ឋរាប់រយនាក់ ខណៈអធិបតីមានឯកឧត្តម ង៉ោ សុវណ្ណ ជាប្រធានគណៈពង្រឹងសង្កាត់ស្វាយរលំ និងឯកឧត្តម សរ សិទ្ធិ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់ស្វាយរលំ ព្រមទាំងក្រុមមន្ត្រីមូលដ្ឋានជាច្រើននាក់ផងដែរ។

ឯកឧត្តម សរ សិទ្ធិ បានបញ្ជាក់ថា អ្វីៗដែលពលរដ្ឋបានលើកឡើងមកនេះ លោកមិនមែនយកទុកចោលទេ គឺនឹងដោះស្រាយជូនពលរដ្ឋនូវរាល់ទុក្ខកង្វល់ ក៏ដូចជាសំណូមមពររបស់ពលរដ្ឋ មិនទុកចន្លោះណាមួយឡើយ ពោលគឺដោះស្រាយតាមជំហ៊ានៗ។

ឯកឧត្តម ង៉ោ សុវណ្ណ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឲ្យបានផុសផុល សូមកុំមានការភ័យខ្លាច ពីព្រោះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ខណៈដែលគណៈពង្រឹង នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សា ស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយ ចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា៕