ខេត្តកំពង់ធំ៖ ខេត្តកំពង់ធំ និងត្រូវបានប្រារព្វពិធីអុំទូកបណ្តែតប្រទីប ប្រចាំឆ្នាំ២០១៩ ដែលនិងប្រារព្វធ្វើឡើង នៅអំឡុងថ្ងៃទី ២៦ និង ២៧ ខែតុលា ឆ្នាំ ២០១៩ ដោយមានការតំាងពិព័ណ៌ផលិតផល សម្រាប់ឲ្យ បងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទស្សនាពិធីអុំទូកបណ្តែតប្រទីប នៅក្នុងដងស្ទឹងសែនខេត្តកំពង់ធំ ។ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រួមទាំងនាយរដ្ឋបាលសាលាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យទីតាំង ដែលគ្រោងនិងប្រារព្វពិធីអុំទូកបណ្តែតប្រទីប ដើម្បីផ្តល់នូវកាណែនាំដល់ក្រុមបច្ចេកទេស ក្នុងការងារសុវត្តិភាព នៅចំនុចដែលត្រូវគណៈអធិបតីអ្នកមុខអ្នកការ មន្រ្តីរាជការ ប្រជាពលរដ្ឋ បានអញ្ជើញចុះមកបណ្តែតប្រទីប ការចុះត្រួតពិនិត្យនេះ គឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ ២០១៩។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ការប្រារព្វពិធីអុំទូកឆ្នាំនេះ គឺមិនខុសពីឆ្នាំមុនៗទេ គឺដើម្បីឲ្យបង ប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួមសប្បាយក្នុងពិធីអុំទូកបណ្តែតប្រទីប ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី២៦ និង ២៧ ខែតុលា ឆ្នាំ ២០១៩ និងពេលយប់និងមានការបាញ់កាំជ្រួច ការអុំទូកថ្នាក់ខេត្តនេះគឺដើម្បីជ្រើសរើសទូកដែលមានល្បឿនលឿន សម្រាប់យកទៅចូលរួមប្រារព្វពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកសំពះព្រះខែ នៅរាជធានីភ្នំពេញ ។
ឯកឧត្តម បានបន្តថាសម្រាប់ឆ្នាំនេះ ប្រជាពលរដ្ឋកាន់តែសប្បាយរីករាយ ក្រោមម្លប់សន្តិភាព រដ្ឋបាលខេត្តកំពង់ធំ និងរៀបចំពិធីបុណ្យឯករាជ្យជាតិនៅព្រឹកថ្ងៃទី៩ នៅទីលានវិមានឯករាជ្យ និងមានការចែកអំបុក ជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរឆ្លងកាត់ និងមានកម្មវិធីហូបអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ រហូតដល់ថ្ងៃទី១១ គឺមានរៀបចំកម្មវិធីដាល់អំបុកជាផ្លូវការ តាមទំនាមទំលាប់ប្រពៃណីដូនតាយើង ។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមថា ខេត្តកំពង់ធំមានទូកចូលរួមប្រកួតឆ្នាំនេះ ចំនួន៤៣ទូក និងមានការបណ្តែតប្រទីបរបស់រដ្ឋបាលខេត្ត និងប្រទីបរបស់មន្ទីរអង្គភាពសរុបចំនួន១៧ ដែលបានចូលរួមបង្ហាញពីសក្តានុពលរបស់មន្ទីរអង្គភាព និងមានប្រទីបរបស់បងប្អូនប្រជាពលរដ្ឋ មកចូលរួមបណ្តែតដើម្បីសុំសេចក្តីសុខចម្រើនយ៉ាងច្រើនកុះករផងដែរ ក្នុងនោះឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកកំសាន្តសប្បាយ សូមចូលរួមថែរក្សាបរិស្ថាន អានាម័យ វេចខ្ចប់សំរាមដាក់តាមទីតាំងដែលមានធុងសំរាម សង្ឃឹមលើបងប្អូនទាំងអស់ជួយគ្នាទុកដាក់សំរាមឲ្យមានរបៀប។
ឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរគោរច្បាប់ចរាចរណ៍ បើកបរឲ្យមានការប្រុងប្រយ័ត្ន កុំបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីបញ្ជ្រាសការគ្រោះថ្នាក់កើតឡើង និងសូមឲ្យលោកពូ អ្នកមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ អប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនកំពុងតែមាន ការរាត្បាតដល់បងប្អូនយុវជនយើង តែបើគ្មានការចូលរួមរបស់បងប្អូនទេ គឺមិនងាយលុបបំបាត់បញ្ហាគ្រឿង ញៀននោះទេ តែការចូលរួមគឺគ្រាន់តែអប់រំកូនចៅ និងរាយការណ៍ជូនសមត្ថកិច្ច ដែលមានការសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចមានវិធានការ សូមចូលរួមទាំងអស់គ្នា។