ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3) នៅខេត្តក្រចេះ


បន្ទាប់ពីពិធីដង្ហែរអង្គកឋិនទានទៅវត្តមង្គលគីរី ហៅវត្តដូនមាសស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានបន្តដំណើរមកឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3) និងសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍នេសាទដែលកំពុងអនុវត្តគម្រោងដោយផ្ទាល់។

យោងតាមរបាយការណ៍របស់ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានឲ្យដឹងថា សម្រាប់ការអនុវត្តគម្រោងនេះនៅខេត្តក្រចេះ បច្ចុប្បន្នមានសហគមន៍នេសាទចំនួន ៣៥ ស្មើនឹងជាង ២ ០០០ គ្រួសារកំពុងទទួលការឧបត្ថម្ភគាំទ្រ ហើយសមិទ្ធផលជាវិជ្ជមានដែលសហគមន៍នេសាទទាំងអស់នេះសម្រេចបានតាមរយៈគម្រោងរួមមាន៖ បានធ្វើការកែសម្រួល និងបច្ចុប្បន្នភាពនៃផែនការគ្រប់គ្រងកន្លែងនេសាទរបស់ខ្លួន បានរៀបចំចងក្រងឯកសារ និងគោលការណ៍ណែនាំសំខាន់ៗដូចជា ការគ្រប់គ្រងនិងលើកកម្ពស់ជីវភាពសហគមន៍នេសាទ សហគ្រប់គ្រងធនធានជលផល ការបោះបង្គោលព្រំប្រទល់កន្លែងនេសាទសហគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារ។ ទៀតសោត ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោង សហគមន៍នេសាទទាំង២៥នៃខេត្តក្រចេះ បានទទួលសម្ភារល្បាត និងទូកម៉ាស៊ីនចំនួន ៥០គ្រឿងផងដែរ។

មានមតិសំណេះសំណាលជាមួយប្រជាសហគមន៍នេសាទនារសៀលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេតែងតែបារម្ភ និងចង់ដឹងអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរយើង។ ពាក់ព័ន្ធនឹងគម្រោង M-IWRM-3 ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានាដែលសហគមន៍បានខិតខំប្រឹងប្រែងសម្រេចបានយ៉ាងល្អប្រសើរ។ ដើម្បីទម្រង់ទិសគម្រោងឲ្យទទួលបានលទ្ធផលកាន់តែផ្លែផ្កា លោកក៏បានណែនាំដល់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងមន្ត្រីប្រតិបត្តិគម្រោងត្រូវបន្តផ្តល់កិច្ចសហការ គាំទ្រ ព្យាយាមដោះស្រាយនូវរាល់បញ្ហាប្រឈមជូនសហគមន៍នេសាទ ធ្វើយ៉ាងណាបង្កើនសមត្ថភាព ប្រសិទ្ធភាពការងារតាមរយៈវគ្គបណ្ដុះបណ្ដាលដែលត្រូវបញ្ជូលបច្ចេកទេស និងបច្ចេកវិទ្យាថ្មីទំនើបលើការការពារធនធានជលផល ការងារគ្រប់គ្រង និងការកែច្នៃផលត្រីប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារសម្រាប់ទីផ្សារ។ មួយវិញទៀត ត្រូវជំរុញវារីវប្បកម្ម ជាពិសេសផ្តួចគំនិតពួកគាត់ឲ្យចេះធ្វើកសិកម្មចម្រុះ និងការចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការពឹងអាស្រ័យតែលើផលធម្មជាតិ។ ដោយឡែក សមាជិក សមាជិកាសហគមន៍ក៏ត្រូវបង្កើនសាមគ្គីភាព រួមគ្នាខិតខំប្រឹងប្រែងបន្តប្រកបដោយគំនិតច្នៃប្រឌិត ពង្រឹងការចិញ្ចឹម ការការពារ និងអភិរក្សដែននេសាទរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា គម្រោង M-IWRM-3 គឺទទួលបានការឧបត្ថម្ភគាំទ្របដិភាគពីរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ដែលមានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៦ រហូតដល់ដល់ឆ្នាំ២០២១ ក្នុងទឹកប្រាក់សរុបចំនួន ១១លានដុល្លារអាមេរិក សម្រាប់អនុវត្តនៅភូមិភាគឦសានមានខេត្តក្រចេះ និងខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា។ គោលបំណងសំខាន់ៗរបស់គម្រោងគឺដើម្បីជួយគាំទ្រដល់ការការពារ ទប់ស្កាត់បទល្មើសជលផល អភិរក្សធនធានជលផល ការបង្កើត គ្រប់គ្រងសហគមន៍នេសាទ ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារ និងជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទសម្រាប់ពេលបច្ចុប្បន្ន និងអនាគតប្រកបដោយចីរភាព និងនិរន្តរភាព។