ជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីហុងគ្រី បានចាប់ផ្តើមហើយ


(ភ្នំពេញ)៖ ជំនួបពិភាក្សាការងាររវាង ឯកឧត្តម យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមហើយ នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងវិមានសន្តិភាព។

តាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបនោះ នឹងមានកិច្ចពិភាក្សាលើ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួមរបស់មេដឹកនាំទាំងពីរ។

ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជាហើយ នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។

ក្រសួងការបរទេស បានបញ្ជាក់ថា៖ ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងមកកាន់កម្ពុជារបស់ឯកឧត្តម យ៉ាណូស អាឌ័រ មកកាន់កម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាពនិងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕