នៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ នៅដាបែនស្ពាននាគមុខប្រាសាទអង្គរវត្ត មានធ្វើការរៀបចំពិធីបួងសួង ដើម្បីសុំនូវសុខសន្ដិភាព ក្នុងតំបន់អាស៊ាន សំខាន់បណ្តាប្រទេសទាំង៥ ដែលទទួលប្រភពទឹកក្នុងការចិញ្ចឹមជីវិតពីទន្លេមេគង្គ ។ ក្នុងពិធីបួងសួងនេះក៏មានការយាង និមន្តជាព្រះអធិបតីរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និង ការអញ្ជើញចូលរួមរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អ៊ុតធិផុន ឃុនជឺម រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ រួមទាំងការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃទាំង៥ប្រទេស និង ឯកឧត្តមឯកអគ្គរដ្ឋទូតថៃ ប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវជាសមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ត្រីជាអ្នកមុខអ្នកការ និងភ្ញៀវជាតិ អន្តរជាតិជាច្រើនកុះករផងដែរ។
ពិធីបួងសួង ក្នុងការបញ្ចប់នៃក្បួនធម្មយាត្រានេះ ពិតជាមោទនៈភាពសម្រាប់ប្រជាពលរដ្ឋ និង ព្រះសង្ឃ នៃដែនដីទាំង៥ក្នុងតំបន់ទន្លេមេគង្គ ក៏ដូចខេត្ដសៀមរាប និងទូទាំងប្រទេសកម្ពុជា ។ ពិធីនេះបានធ្វើឲ្យប្រជាពលរដ្ឋនៃប្រទេស ទាំង៥ ក៍ដូចព្រះសង្ឃដែលជាអ្នកកាន់ព្រះពុទ្ធសាសនា បានរំលឹកដល់វប្បធម៌ព្រះពុទ្ធសាសនា និង បង្ហាញពីសុខសន្ដិភាពទាំងផ្លូវកាយ និងផ្លូវចិត្ដយ៉ាងទូលំទូលាយ ។ ជាមួយគ្នានោះក៍បានបង្ហាញពីភាពសាមគ្គីភាពគ្នា និង សុខសន្ដិភាព រវាងប្រទេសទាំង៥ក្នុងតំបន់ទន្លេមេគង្គ ហើយក៏ដើម្បីសុំសុខសន្ដិភាព និង បង្ហាញពីវិស័យវប្បធម៌ព្រះពុទ្ធសាសនា ផ្សាភ្ជាប់រវាងប្រទេសទាំង៥ នៅក្នុងតំបន់អាស៊ានទៀតផង។ ម៉្យាងទៀតការរៀបចំធម្មយាត្រាក្នុងដែនដីទាំង៥នៃតំបន់ទន្លេមេគង្គ ក្នុងគោលបំណងដ៏បរិសុទ្ធ ដើម្បីសហការរួមសាមគ្គីផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានិងគ្នា ស្វែងយល់ពីពុទ្ធវប្បធម៌ប្រពៃណីនៃពុទ្ធសាសនិកតាមតំបន់ទន្លេមេគង្គ ក្នុងគោលបំណងធ្វើឲ្យពុទ្ធសាសនិកនាំយកពុទ្ធឱវាទ មេរៀនរបស់អង្គព្រះសម្មា សម្ពុទ្ធជាអង្គម្ចាស់ មកប្រតិបត្តិគ្រប់ពេលវេលា ហើយកម្មវិធីយើងបាននេះបានចប់សម្រេចដោយជោគជ័យ និង ចាត់ទុកថាជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតដែលត្រូវបានកត់ត្រាទុកសម្រាប់ពុទ្ធសាសនិក និង ជាការរឹតនូវចំណងមិត្តភាពនៃពុទ្ធសាសនិកក្នុងអនុតំបន់ទន្លេមេគង្គ ឲ្យកាន់តែស្អិតរមួតខ្លាំងឡើងថែមទៀត ។
ក្នុងពិធីបូងសួងនោះ គឺធ្វើទៅតាមការគោរពប្រតិបត្តិ ទៅតាមប្រពៃណីសាសនា ដោយមានការបូជាទៀធូក ថ្វាយនូវភូផ្កា ព្រមទាំងមានការរៀបចំពិធីសែនព្រេន ដើមី្បសុំម្ចាស់ទឹកម្ចាស់ដី និង សូមឲ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលមានព្រះអង្គចេក ព្រះអង្គចម លោកតាដំបងដែក លោកយាយទេព លោកតារាជ និង បារមីព្រះអង្គធំខ្នងភ្នំគូលែន ព្រមទាំងបារមីព្រះអង្គដែលគង់ថែរក្សានៅ តាមប្រាង្គប្រាសាទនានា ក៏ដូចបារមីនៃម្ចាស់ទឹកទន្លេមេគង្គ តាមជួយថែរក្សាការពារដល់ ប្រជានុរាស្ត្រនៃប្រទេសទាំង៥ ក្នុងតំបន់ទន្លេមេគង្គ សំខាន់សូមឲ្យជួយថែរក្សាប្រជានុរាស្ត្រនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចក្នុងសៀមរាបផងដែរ ។ ម៉្យាងទៀតសូមឲ្យការបិទធម្មយាត្រាលើកទី២ ក្នុងដែនដីទាំង៥នៃតំបន់ទន្លេមេគង្គ ដែលជា ប្រទេសបានជួយផ្សព្វផ្សាយនិងទាក់ទាញប្រជាពុទ្ធបរិស័ទគ្រប់ទិសទី មកបំពេញមហាបុណ្យកុសលរួមគ្នាជីកគាស់កម្លាំងសទ្ធាសាមគ្គីភាព នៃពុទ្ធសាសនិកទោះបីជានៅប្រទេសណាក៏ សុទ្ធតែជាមិត្តជាញាតិនឹងគ្នាតាមរយៈព្រះធម៌ដូចយើងទាំងអស់គ្នាមានឪពុកតែមួយ តាមរយៈព្រះធម៌តែមួយ នៃព្រះសម្មាសម្ពុទ្ធ និង មានម្តាយតែមួយគឺទន្លេមេគង្គ ដែលជាប្រភពទឹកសម្រាប់ចិញ្ចឹមជីវិតយើងទាំងអស់គ្នាក្នុងតំបន់នេះ ៕