ឯកឧត្តម ឡុង ឈុនឡៃ បានថ្លែងនូវការកោតសរសើរចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តអង្គភាពជុំវិញខេត្តអាជ្ញាធរក្រុងស្រុកសម្រេចបានតាមផែនការសកម្មភាពក្នុង ខែតុលា ឆ្នាំ២០១៩


កំពង់ឆ្នាំងៈ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរបែបនេះនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ប៊ន សុភីអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំង៣ នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម ឡុង ឈុនឡៃ បានផ្តាំផ្ញើអោយរដ្ឋបាលខេត្ត អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកត្រូវរួមគ្នាដើម្បីសម្រេចអោយបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់តាមផែនការសកម្មភាពរបស់រដ្ឋបាលខេត្តនិងយុទ្ធចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលដែលមានសម្តេចហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ជាពិសេសរួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់
អោយបានល្អក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សូមបញ្ជាក់ថាៈ របៀបវារៈ​សំខាន់ៗក្នុងកិច្ចប្រជុំរួមមានៈអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត និង អនុម័តសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារ ប្រចាំខែតុលា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។