សម្ដេច សាយ ឈុំ ទទួលជួបគណៈប្រតិភូសមាគមមិត្តភាពសភាជប៉ុន-មេគង្គ


ក្នុងឱកាសដែលបានអនុញ្ញាតជូនគណៈប្រតិភូសមាគមមិត្តភាពសភាជប៉ុន-មេគង្គ ដឹកនាំដោយឯកឧត្តម Ryu SHONOYA ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នាល្ងាចថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមប្រធានសមាគម ព្រមទាំងសហការីដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មីទៀត ហើយដែលជាការរួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសយើងទាំង២។
ឯកឧត្តមប្រធានគណៈប្រតិភូ បានថ្លែងអគុណចំពោះបដិសណ្ឋារកិច្ច ដ៏កក់ក្តៅដែលសម្តេចប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យរូបគាត់ នឹងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម។
ឯកឧត្តមក៏បានជំរាបផងដែរ អំពីគោលបំណងនៃការបង្កើតសមាគមមិត្តភាពសភាជប៉ុន-មេគង្គ នេះឡើង គឺក្នុងគោលដៅពង្រឹងពង្រីក ទំនាក់ទំនង រវាងប្រទេសជប៉ុន និងប្រទេសក្នុងតំបន់ទន្លេមេគង្គ ដើម្បីធ្វើការអភិវឌ្ឍរួមគ្នា ជាពិសេសកិច្ចសហប្រតិបតិ្តការ កាន់តែជិតស្និតរវាងសភានៃប្រទេសជប៉ុន ជាមួយបណ្តាសភានៃប្រទេសក្នុងតំបន់មេគង្គ។
សម្ដេចប្រធានព្រឹទ្ធសភាបានថ្លែងអរគុណជប៉ុន ដែលបានផ្ដល់ជំនួយឥតសំណង កម្ចីសម្បទាន និងជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា ដួចជាជំនួយសំរាប់សាលាក្តីខ្មែរក្រហម និងជំនួយជាបរិក្ខា កំព្យុទ័រ និងគ្រឿងអឡិកត្រូនិច ព្រមទាំងអ្នកជំនាញរបស់ជប៉ុនផងដែរ ជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោះ ដើម្បីចុះឈ្មោះបោះឆ្នោះតាមប្រព័ន្ធកំព្យុទ័រ ដែលធានានៅការជឿទុកចិត្តពីគ្រប់ភាគីពាក់ពន្ធ័។ ការរួមវិភាគទានរបស់ប្រជាជន រដ្ឋាភិបាលជប៉ុន ព្រមទាំងវិស័យឯកជនជប៉ុន បានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភា បានស្វាគម៍ចំពោះរដ្ឋាភិបាលជប៉ុនដែលនៅតែបន្តផ្តល់ជំនួយដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រ។
ភាគីជប៉ុន បានជម្រាបជូនសម្តេចថា បច្ចុប្បន្ននេះមានក្រុមហ៊ុន និងអ្នកវិនិយោគធំតូចរបស់ជប៉ុនជាច្រើន មានការចាប់អារម្មណ៍ មកធ្វើការវិនិយោគនៅកម្ពុជា ហើយគម្រោងការវិនិយោគនេះសុទ្ធតែមានសារសំខាន់ និងផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជា និងសំណូមពរសុំរាជរដ្ឋាភិបាលកម្ពុជាជួយសម្រួលដោះស្រាយនូវបញ្ហាប្រឈមខ្លះៗ ខាងនីតិវិធីច្បាប់ ដែលពួកគេបានជួបប្រទះកន្លងមក។
ចំពោះបញ្ហានេះ សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនថា សព្វថ្ងៃរាជរដ្ឋាភិបាលកម្ពុជា បានខិតខំសម្រួលដោះស្រាយ ដើម្បីឲ្យការវិនិយោគរបស់ក្រុមហ៊ុនបរទេសនានានៅកម្ពុជា កាន់តែមានភាពងាយស្រួល មានភាពអនុគ្រោះ និងកាន់តែប្រសើរឡើង៕