សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យឯកឧត្តមគ្រីស្ទាន បែកហ្គឺ ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចំានៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នារសៀលថ្ងៃចន្ទ ៨កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអនុញ្ញាតឲ្យឯកឧត្តមគ្រីស្ទាន បែកហ្គឺ ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចំានៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទ។

ជាកិច្ចចាប់ផ្ដើមនៃជំនួបសម្ដេចក្រឡាហោម ស ខេង បានថ្លែងស្វាគមន៍ និងសេចក្ដីរីករាយដែលបានជួបឯកឧត្តមជាលើកទីមួយក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា ហើយសម្ដេចក៏បានសម្ដែងនូវការត្រៀមខ្លួនជានិច្ចដើម្បីផ្ដល់កិច្ចសហការរវាងប្រទេសទាំងពីរសំដៅធ្វើយ៉ាងណាលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងអាល្លឺម៉ង់ និងបន្តថែរក្សានូវអ្វីដែលភាគីទាំងពីរបានសម្រេចជាមួយគ្នាជាសមិទ្ធផលនាពេលកន្លងមក។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំស្ថាបនដែលមានភារកិច្ចទទួលនូវការងារថែរក្សាសន្តិសុខក៏មានក្ដីរីករាយក្នុងការបន្តនូវភារកិច្ចថែរក្សាសន្តិសុខសុវត្ថិភាពដល់បណ្ដាមន្ត្រីស្ថានទូតក្នុងអាណត្តិការងារឲ្យប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងបេសកកម្ម។

សម្ដេចក៏បានជំរាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ដែរថាសម្ដេចក៏បានជ្រាបអំពីខ្លឹមសារដ៏ប្រពៃរបស់ឯកឧត្តមដែលបានលើកឡើងជាមួយសម្ដេចតេជោនៅក្នុងជំនួបសម្ដែងការគួរសមដែលក្នុងនោះឃើញថាសហព័ន្ធអាល្លឺម៉ង់បានប្ដេជ្ញាបន្តជួយគាំទ្របន្ថែមទៀតទៅដល់ដំណើរការនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់កម្ពុជាដែលនេះត្រូវបានសម្ដេចចាត់ទុកជាព័ត៌មានមួយដ៏រីករាយសម្រាប់កម្ពុជា និងសម្ដេចផ្ទាល់ដែលជាអ្នកដឹកនាំនូវកិច្ចការងារនេះ។

សម្ដេចក៏បានបញ្ជាក់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើយ៉ាងណាខិតខំពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងក្នុងរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធដទៃទៀត ដើម្បីជំរុញឲ្យដំណើរការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការនេះមានវឌ្ឍនភាពទៅមុខ ហើយបើទោះបីជាជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនលើកិច្ចការកំណែទម្រង់នេះ ក៏រាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាស្វែងរកដំណោះស្រាយដើម្បីឲ្យមានការវិវឌ្ឍន៍រីកចំរើនលើការងារនេះ។

សម្ដេចក៏បានជរាបជូនឯកឧត្តមឯកអគ្គរដ្ឋទុតអាល្លឺម៉ង់អំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយកន្លងមក រាជរដ្ឋាភិបាលបានកំណត់យកខេត្តបាត់ដំបងជាខេត្តគំរូមួយក្នុងការផ្ទេរមុខងារ អប់រំ សុខាភិបាល ពីថ្នាក់ជាតិទៅឲ្យរដ្ឋបាលខេត្តបាត់ដំបង ហើយជោគជ័យនេះ នឹងក្លាយទៅជាគំរូមួយដ៏មានឥត្ធិពលសម្រាប់យើងបន្តនូវកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនេះទៅកាន់បណ្ដាខេត្តជាបន្តបន្ទាប់ទៀត។

ជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសម្ដែងសេចក្ដីថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ដែលបានផ្ដល់ព័ត៌មានអំពីបច្ចុប្បន្នភាពនៃដំណើការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់កម្ពុជា ហើយឯកឧត្តមក៏បានសម្ដែងនូវក្ដីរីករាយចំពោះល្បឿននៃកំណែទម្រង់នេះរបស់សម្ដេច ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេច និងគណៈប្រតិភូក្រសួងទៅកាន់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់កាលពីពេលកន្លងទៅថ្មីៗនេះ។

ឯកឧត្តមគ្រីស្ទាន បែកហ្គឺ ក៏បានជំរាបជូនសម្ដេចក្រឡាហោមដែរថាសម្រាប់ភាគីអាល្លឺម៉ង់ គឺអាល្លឺម៉ង់មានទីភ្នាក់ងារGIZនៅកម្ពុជាដែលធ្វើការងារគាំទ្រលើវិស័យកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ហើយឯកឧត្តមសូមស្នើក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធធ្វើយ៉ាងណាបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយGIZនេះបន្ថែមទៀតដើម្បីឈានទៅសម្រេចបាននូវអ្វីដែលជាទិសដៅនៃកំណែទម្រង់នេះ។

ឯកឧត្តមបានបន្តជំរាបជូនសម្ដេចក្រឡាហោម ស ខេង ពីការមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចក្រឡាហោម ស ខេង និងក្រសួងមហាផ្ទៃផ្ទាល់នៅក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយឯកឧត្តមបានសង្កត់ធ្ងន់ថាក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែខិតខំអនុវត្តនូវគោលនយោបាយនោះទេ ប៉ុន្តែបានខិតខំផ្សព្វផ្សាយដើម្បីឲ្យសាធារណជនទាំងមូលបានដឹងពីអត្ថប្រយោជន៍នៃកំណែទម្រង់នេះ ហើយបានចូលរួមក្នុងដំណើរការកែទម្រង់នេះ។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការថ្លែងអំណរគុណ និងដោយក្ដីរីករាយចំពោះភាគីអាល្លឺម៉ង់ដែលបានរៀបចំនូវកម្មវិធីទស្សនកិច្ចប្រកបដោយការគិតគូគ្រប់ជ្រុងជ្រោយ ដោយក្នុងដំណើរទស្សនកិច្ចនោះសម្ដេចបានជួបតាំងពីរដ្ឋបាលថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិដែលធ្វើឲ្យគណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជាមានការយល់ដឹងកាន់តែច្រើនអំពីប្រព័ន្ធនៃរដ្ឋបាលពីមួយកម្រិតទៅមួយកម្រិត។

សម្ដេចបានមានប្រសាសន៍ថាទោះបីជានៅក្នុងដំណាក់កាលខ្លីខាងមុខកម្ពុជាមិនអាចសម្រេចបានទាងស្រុងដូចអ្វីដែលសាធារណរដ្ឋអាល្លឺម៉ង់កំពុងមាននាពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការខិតខំឲ្យអស់ពីលទ្ធភាព និងគៀងគរការគាំទ្រពីភាគីពាក់ព័ន្ធដើម្បីអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះឲ្យទទួឡបាននូវជោគជ័យ។

ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានសម្ដែងការទ្រនូវប្រសាសន៍លើកឡើងរបស់សម្ដេច និងបានលើកឡើងដែរថាប្រវត្តនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់សហព័ន្ធអាល្លឺម៉ង់នេះគឺមានរាប់ពាន់ឆ្នាំមកហើយ ហើយថាឯកឧត្តមក៏យល់ច្បាស់ថាមិនអាចយកប្រព័ន្ធរដ្ឋបាលរបស់ប្រទេសមួយមកដាក់ឲ្យដំណើរការនៅប្រទេសមួយផ្សេងទៀតទាំងស្រុងនោះទេ គឺចាំបាច់ពឹងផ្អែកលើលក្ខខណ្ឌប្រវត្តិសាស្រ្ត និងស្ថានភាពជាក់ស្ដែងរបស់ប្រទេសនីមួយៗ។

ឯកឧត្តមក៏បានសម្ដែងក្ដីសង្ឃឹមជឿជាក់ដែរថាតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោ ស ខេង នឹងរួមចំណែកយ៉ាងសំខាន់ដល់កម្ពុជានៅក្នុងការបន្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ហើយឯកឧត្តមក៏រីករាយដែរដែលមុននឹងមកទទួលការតែងតាំង និងថ្វាយសារតាំង ឯកឧត្តមបានទទួលដំណឹងថាសម្ដេចបានដឹកនាំគណៈប្រតិភូងន្តរអក្រសួងបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ ដែលពិតជាបានបង្ហាញឲ្យឃើញអំពីសកក្ដានុពលនៃកិច្ចសហប្រតិបត្តិការ និងពង្រីកបន្ថែមទៀតនូវិស័យដែលបំរើឲ្យផលប្រយោជន៍រវាងជាតិ និងប្រជាជនប្រទេសទាំងពីរ កម្ពុជា និងអាល្លឺម៉ង់៕