ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ អញ្ជើញទៅសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមជាវាគ្មិនវេទិកាហ្សាកាត់ពិភពលោក


(ភ្នំពេញ)៖ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមជាវាគ្មិនក្នុងវេទិកាហ្សាកាត់ (ទ្រព្យ បរិច្ចាគ ទាន) ពិភពលោក នៅឯសាធារណរដ្ឋឥណ្ឌូនេស៊ី។

វេទិការនេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា នៅទីក្រុងបាន់ឌុង សាធារណៈរដ្ឋឥណ្ឌូណេស៊ី ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត MA’RUF AMIN អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោមប្រធានបទ «ពង្រឹងតួនាទីរបស់វេទិកាពិភពហ្សាកាត់ ក្នុងយុគសម័យឌីជីថល» ដែលមានការចូលជាវាគ្មិនសំខាន់ៗ ថ្នាក់រដ្ឋមន្ត្រី មកពីបណ្ដាប្រទេសឥស្លាមជាច្រើន នៅលើពិភពលោក។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នឹងជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយអនុប្រធានាធិបតីឥណ្ឌូណេស៊ី ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗផងដែរ។

គួរជម្រាបជូនថា វេទិកានេះ បានបង្កើតឡើងជាផ្លូវការនៅឆ្នាំ ២០១០ ក្នុងគោលបំណង ជួយសម្របសម្រួលស្ថាប័នហ្សាកាត់ ក្នុងការគ្រប់គ្រង ហ្សាកាត់ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសដើម្បីសុក្រិត្យភាព ក្នុងការគ្រប់គ្រង និងផ្ដល់ជូន ហ្សាកាត់ តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

ហ្សាកាត់ គឺជាកាតព្វកិច្ចទី៤ របស់សាសនាឥស្លាម សម្រាប់អ្នកកាន់សាសនាឥស្លាមទូទាំងពិភពលោក ពោលគឺអ្នកដែលមានទ្រព្យសម្បត្តិគ្រប់ចំនួន ដែលត្រូវដកហ្សាកាត់ ក្នុងរយៈពេលមួយឆ្នាំ ត្រូវដកចំនួន ២.៥% នៃទ្រព្យសម្បត្តិ ដែលនៅនៅសល់ ជូនដល់ជនក្រីក្រ ស្ត្រីមេម៉ាយ ក្មេងកំព្រា ចាស់ជរា និង អ្នកដែលសិទ្ធិគួរត្រូវទទួលបាន៕