ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣»។ ពិធីនេះនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

«ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» ត្រូវបានរៀបចំឡើងបន្តពី «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨» ដែលត្រូវបានចប់អាណត្តិកាលនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥នៃរដ្ឋសភាកន្លងទៅ។ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» ដែលជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចលើកទី៦ នេះ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដែលបានកើតមានឡើងដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នារៀបចំរបស់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការចូលរួមសហការ និងផ្ដល់អនុសាសន៍ពីដៃគូអភិវឌ្ឍ និងភាគីដែលមានចំណែកពាក់ព័ន្ធទាំងអស់តាមរយៈសិក្ខាសាលា ក៏ដូចជាអង្គប្រជុំនានាជាច្រើនលើកច្រើនសារនាពេលកន្លងមក។

«ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ និងចក្ខុវិស័យកម្ពុជា២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ជាប្រទេសអភិវឌ្ឍន៍។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានឱ្យដឹងថា «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» នេះ ត្រូវបានរៀបចំឡើងដើម្បីសម្រេចនូវវត្ថុបំណងសំខាន់ចំនួន៣រួមមាន៖

ទី១៖ ដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ដផ.យ.អ.ជ. ២០១៤-២០១៨ ក្នុងអាណត្តិកាលរបស់ផែនការនេះទាំងមូល ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៨។

ទី២៖ ដើម្បីកំណត់នូវបណ្តាវិធានការគោលនយោបាយនានាដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្ដគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា និង គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា តាមវិស័យ នៅក្នុងដំណាក់កាលនៃអាណត្តិ កាលរបស់ផែនការ ដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវ ភាពរស់នៅរបស់ប្រជាជនកម្ពុជា និងឆ្ពោះទៅសម្រេចបាននូវស្ថានភាពនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ (ប្រទេសអភិវឌ្ឍន៍) នៅឆ្នាំ២០៥០។

ទី៣៖ ដើម្បីដាក់ចេញនូវប្រព័ន្ធមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ នៃការអនុវត្ត «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» របស់ក្រសួង ស្ថាប័ននានា។

«ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» ត្រូវបានរៀបចំឡើងជាប្រាំពីរជំពូក៖
ជំពូកទី១៖ ជាការបង្ហាញអំពីប្រវត្តិនិងទិដ្ឋភាពរួមនៃការវិវឌ្ឍ និងជោគជ័យក្នុងការអនុវត្ដគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ផ្សារភ្ជាប់ ទៅនឹងប្រវត្ដិនៃការរៀបចំផែនការអភិវឌ្ឍន៍ជាតិ។

ជំពូកទី២៖ បង្ហាញពីសមិទ្ធផលជារួមនៃការអនុវត្ត «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨» និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ ក្នុងអំឡុងពេលនៃការអនុវត្តផែនការនេះ។ រហូតមកដល់ចប់អាណត្តិកាលនៃ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» ស្ថិរភាពនយោបាយ ការអនុវត្តកំណែទម្រង់ស្ទើរតែគ្រប់វិស័យ និងការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានបង្កើតឱ្យមានបរិស្ថានអនុគ្រោះក្នុងការទាក់ទាញ ការវិនិយោគ ទាំងពីក្នុងស្រុកនិងពីបរទេស។

ជំពូកទី៣៖ បង្ហាញពីការវិភាគពីស្ថានភាពរួមនៃដំណើរវិវឌ្ឍន៍របស់ម៉ាក្រូសេដ្ឋកិច្ច និងដំណើរ ការនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលចឡើងអំពីរចនាសម្ព័ន្ធនៃផលិត ផលក្នុងស្រុកសរុប ស្ថានភាពសារពើពន្ធនិងអតិផរណា ភាពបើកចំហនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្ម ព្រមទាំងភាពក្រីក្រនិងភាពមានការងារធ្វើ។ ក្នុងជំពូកនេះ បានធ្វើការប៉ាន់ស្មាន តម្លៃសរុបសម្រាប់រយៈពេល៥ឆ្នាំសម្រាប់ផែនការទាំងមូល គឺ ៥៩,៩ប៊ីលានដុល្លារអាមេរិក សមមូល ២៤៥ ៥៧៥ប៊ីលានរៀល។

ជំពូកទី៤៖ ជាជំពូកសំខាន់របស់ផែនការ ដែលអត្ថាធិប្បាយអំពីបណ្តាសកម្មភាពកម្មវិធី និង គម្រោងនានា ដើម្បីអនុវត្តគោលនយោបាយគន្លឹះនិងអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៦នៃរដ្ឋសភា (២០១៨-២០២៣) ក្នុងការដំណោះស្រាយចំពោះបញ្ហាប្រឈម នានា។ ជាមួយគ្នានេះ បណ្តាសកម្មភាពសំខាន់ៗទាំងនោះ នឹងត្រូវបានបែងចែកតាមវិស័យ និងទៅ តាមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ននីមួយៗរបស់រាជរដ្ឋាភិបាល ទៅតាមទម្រង់របស់យុទ្ធ សាស្រ្តចតុកោណ ដំណាក់កាលទី៤ រួមទាំងបន្តអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុងផែនការមុន រួមមាន៖ ការលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រនិងកំណើនប្រកបដោយបរិយាប័ន្ន, ការពង្រីកវិស័យកសិកម្ម, ការធានានូវភាពប្រកួតប្រជែងកាន់តែខ្លាំង, ការគ្រប់គ្រងការធ្វើចំណាកស្រុកនិងនគរូបនីយកម្ម, ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនិងការកាប់ព្រៃឈើ, ការធានានូវអភិបាលកិច្ចល្អប្រសើរ និង កែលម្អមូលដ្ឋានធនធានមនុស្ស។

ជាពិសេសក្នុងជំពូកនេះក៏ជាការខិតខំដើម្បីសម្រេចឱ្យបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដែលមានចំនួន១៨គោលដៅ ចំណុចដៅចំនួន៨៨ និងសូចនាករចំនួន១៤៨។

ជំពូកទី៥៖ ជំពូកនេះបង្ហាញពីការប៉ាន់ស្មាននៃតម្រូវការធនធានវិនិយោគសម្រាប់ការធ្វើឱ្យសម្រេចបាននូវចំណុចដៅទាំងឡាយរបស់ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣»។ ផែនការនេះ បានធ្វើចំណោលអំពីតម្រូវការធនធានសម្រាប់ដំណាក់កាល៥ឆ្នាំ (២០១៩-២០២៣) ដោយមានការស្នើឡើងនូវប្រភពហិរញ្ញប្បទានដោយធនធានក្នុងស្រុក និងធនធានក្រៅប្រទេស ព្រមទាំងវិនិយោគមូលធនរបស់វិស័យសាធារណៈ និងឯកជន។ តម្លៃប៉ាន់ស្មានសរុបសម្រាប់រយៈពេល៥ឆ្នាំនេះ គឺ ៥៩.៩ប៊ីលានដុល្លារអាមេរិក សមមូល ២៤៥,៥៧៥ប៊ីលានរៀលក្នុងនោះ៖ វិនិយោគមូលធនរបស់វិស័យឯកជន មានចំនួន ៤៣.៤ប៊ីលានដុល្លារអាមេរិក សមមូល ១៧៨,០៩៦ប៊ីលានរៀល ស្មើនឹង ៧២.៥% នៃទុនវិនិយោគសរុប និង វិនិយោគមូលធននៃវិស័យសាធារណៈ មានចំនួន ១៦.៤ប៊ីលានដុល្លារអាមេរិក សមមូល ៦៧,៤៧៩ប៊ីលានរៀល ស្មើនឹង ២៧.៥% នៃទុនវិនិយោគសរុប។

ក្នុងជំពូកនេះ ក៏បានធ្វើការវិភាជថវិកាទៅតាមវិស័យអាទិភាពសំខាន់ៗសម្រាប់អនុវត្តនិងបាន ពិនិត្យ និង កំណត់ពីច្រកលំហូរហិរញ្ញប្បទានចំនួន៥រួមមាន៖(១) ការគ្រប់គ្រង/ការសម្របសម្រួលប្រសើរ ជាងមុននៃជំនួយឥតសំណងពីដៃគូអភិវឌ្ឍនានា និងលទ្ធភាពដែលទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍថ្មី, (២) ហិរញ្ញប្បទានឥណទានសម្បទានបន្ថែមពីស្ថាប័នហិរញ្ញវត្ថុពហុភាគីនិងដៃគូទ្វេភាគី, (៣) ប្រភពចំណូលថ្មីៗ ដូចជាថ្លៃឈ្នួល ចំណូលពន្ធបន្ថែម ឬភាពប្រសើរឡើងនូវការប្រមូលចំណូល ជាដើម, (៤) ប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន និង (៥) កម្ចីថ្មីៗពីប្រភពក្នុងស្រុក។

ជំពូកទី៦៖ ជាការបង្ហាញពីក្របខ័ណ្ឌនៃការតាមដានត្រួតពិនិត្យនិងវាយតម្លៃ ដោយផ្អែកលើ មូលដ្ឋានលទ្ធផលនៃការអនុវត្តផ.យ.អ.ជ. ២០១៩-២០២៣។ បញ្ជីសូចនាករសម្រាប់តាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ត «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣» ក៏ត្រូវបានបង្ហាញនៅក្នុងជំពូកនេះ គឺធ្វើការកែសម្រួលដោយបញ្ចូលនូវសូចនាករស្នូលរបស់ជាតិ និងសូចនាករកម្រិតលទ្ធផលនិង ឥទ្ធិពលពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា បែងចែងចែកតាមវិស័យអាទិភាព ចំនួន៤ និង មានសូចករស្នូលចំនួន១០៩សូចនាករ និងសូចនាករបន្ថែមចំនួន៤៩សូចនាករ។

ជំពូកទី៧៖ ជាបង្ហាញនូវសេចក្តីសន្និដ្ឋានរួមយ៉ាងទូលំទូលាយមួយលើផែនការទាំងមូល៕