អភិបាលរាជធានីភ្នំពេញ ផ្ដល់ម៉ូតូកង់បី៧គ្រឿង ទៅរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីចូលរួមប្រមូលសំរាមក្នុងមូលដ្ឋាន


(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យជួយវិចខ្ចប់ទុកដាក់កាកសំណល់សំរាមឲ្យបានត្រឹមត្រូវ និងធ្វើយ៉ាងណាជួយបញ្ចេញរាល់កាកសំរាមទាំងនោះ ទៅតាមពេលវេលាកំណត់ សម្រាប់ក្រុមការងារពាក់ព័ន្ធងាយស្រួលដឹកជញ្ជូនប្រមូលសំរាមចេញ ក្នុងការចូលរួមឲ្យបានផុសផុលទាំងអស់គ្នា ដើម្បីថែរក្សាអនាម័យ ក្នុងទិសដៅលើកកម្ពស់សោភណ្ឌភាពទីក្រុង។

ការអំពាវនាវរបស់លោក ជា ពិសី ធ្វើឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បន្ទាប់ពីរដ្ឋបាលខណ្ឌឫស្សីកែវ ទទួលបានម៉ូតូកង់បីចំនួន៧គ្រឿង ដែលជាអំណោយផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីបន្តផ្ដល់ជូនទៅតាមបណ្ដាររដ្ឋបាលសង្កាត់ទាំង៧ ក្នុងការចូលរួមចំណែក ដឹកជញ្ជូនប្រមូលរាល់កាកសំណល់សំរាមផ្សេងៗ ដើម្បីថែរក្សាអនាម័យ សំដៅលើកកម្ពស់សោភណ្ឌភាពទីក្រុង។

ជាមួយគ្នានេះ រដ្ឋបាលសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានផ្ដល់ ម៉ូតូកង់បីចំនួន៧គ្រឿង ក្នុងការយកចិត្តទុកដាក់អំពីបញ្ហាអនាម័យបរិស្ថាន «កាកសំណល់សំរាម» ដើម្បីចូលរួមចំណែកលើកកម្ពស់សោភណ្ឌភាពទីក្រុង បន្ទាប់ពីក្រុមមន្ត្រីពាក់ព័ន្ធនាំគ្នាផ្សព្វផ្សាយ ដាក់ពង្រាយធុងសំរាម ចំនួនជាង២០០ធុង ចាប់ពីជុំវិញបរិវេណសួនប្រជាធិបតេយ្យ រហូតទៅដល់ខាងមុខ មន្ទីរពេទ្យបង្អែក សម្ដេចឪ តាមបណ្ដោយផ្លូវជាតិលេខ៥ នាសង្កាត់ឫស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦។

សូមជម្រាបថា មុនរើសសំរាម និងដាក់ពង្រាយធុងសំរាម ជាង២០០ធុង ចាប់ពីជុំវិញបរិវេណសួនប្រជាធិបតេយ្យ រហូតទៅដល់ខាងមុខមន្ទីរពេទ្យបង្អែក សម្ដេចឪ តាមបណ្ដោយផ្លូវជាតិលេខ៥ នាសង្កាត់ឫស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងការផ្សព្វផ្សាយបញ្ហាអនាម័យទុកដាក់សំរាមឲ្យមានរបៀបរៀបរយ និងដើម្បីលើកកម្ពស់សោភ័ណ្ឌទីក្រុង នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ, លោក ជា ពិសី បានលើកឡើង អំពីបញ្ហាសំរាម គឺជាបញ្ហារួមមួយ ដោយទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមផុសផុលទាំងអាជ្ញាធរមូលដ្ឋាន ក៍ដូចជាក្រុមហ៊ុនប្រមូលសំរាម សំខាន់ជាងនេះនោះ គឺបញ្ហាកាកសំណល់សំរាម មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ ដោះស្រាយនោះទេ ប៉ុន្តែជាបញ្ហារបស់សាធារណជនទូទៅ ដែលជាអ្នកវិចខ្ចប់ទុកដាក់សំរាម ក្នុងធុងឲ្យបានត្រឹមត្រូវ គឺផ្ដើមចេញពីក្រុមគ្រួសារយើងទាំងអស់គ្នា៕