នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្ត ក្រចេះ បានចូលរួមក្នុង ពិធីបើកសន្និបាតបូកសរុបការងារលើគ្រប់វិស័យឆ្នាំ២០១៦ និងទិសដៅអនុវត្តន៍ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តក្រចេះ ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងទិសដៅអនុវត្តន៍បន្ត ឆ្នាំ២០១៧ ឯកឧត្តម សរ ចំរុង បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងផ្នែកកម្លាំងប្រដាប់អាវុធ ទាំងផ្នែករដ្ឋបាល ស៊ីវិល ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលដែលបានរួមចំណែក និងការផ្តល់នូវ កិច្ចសហការ គាំទ្រយ៉ាងសកម្ម ធ្វើឱ្យរដ្ឋ បាលឯកភាពខេត្ត សម្រេចបានសមិទ្ធផលនានាលើគ្រប់វិស័យ ជាច្រើន ដែលជារបៀបវារៈនៃអង្គ សន្និបាតទាំងមូល។
ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលដែលយើងសម្រេចបានខាងលើនេះ គឺពិតជាមិនអាចកាត់ផ្តាច់បាន ពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដោយឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការការពារ ថែរក្សាបាននូវសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អប្រសើររបស់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ក្នុងការបង្ការ ទប់ស្កាត់បង្ក្រាបបានជាបន្តបន្ទាប់នូវបទល្មើសផ្សេងៗ ដែលកើតមាន នៅក្នុងខេត្ត និងដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្តក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។
ឯកឧត្តមបានលើកឡើងថា គោលបំណងក្នុងការរៀបចំធ្វើសន្និបាតនៅពេលនេះ គឺដើម្បីបូក សរុបលទ្ធផលអនុវត្តន៍ការងារលើគ្រប់វិស័យនៅក្នុងខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០១៦ ការចែក រំលែកព័ត៌មាននិងបទពិសោធន៍ការងារដើម្បី ពិភាក្សាវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដាក់វិធានការដោះស្រាយ ការលើកទិសដៅអនុវត្តការងារឆ្នាំ២០១៧ ស្របតាមកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ដោយផ្អែកតាមសក្តានុពល និងតម្រូវការជាក់ស្តែងរបស់ខេត្ត៕