ពិធីបិទសិក្ខាសាលាថ្នាក់ខេត្តស្តីពី វេទិកាកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានជលផលឲ្យមានប្រសិទ្ធភាព


នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាថ្នាក់ខេត្តស្តីពី “វេទិកាកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានជលផលឲ្យមានប្រសិទ្ធភាព”នៅសាលប្រជុំសាលាខេត្ត។ មានការអញ្ជើញចូលរួមពីសំណាក់ លោក ស្រីថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក អធិការ មេបញ្ជាការ មេបញ្ជាការរងនៃកម្លាំងប្រដាប់អាវុធថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរជំនាញពាក់ព័ន្ធ អង្គការដៃគូ និងសហគមន៍នេសាទ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានខណ្ឌរដ្ឋបាលជលផលជាសេនាធិការ អង្គការដៃគូ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់យកទៅរៀបចំដាក់ចេញជាកម្មភាពអនុវត្តជាក់ស្តែង ដើម្បីធ្វើឲ្យសម្រេចលើកិច្ចការជាសារវន្តនេះ។ ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្តបានដាក់ចេញនូវគោលការណ៍សម្រាប់ផ្នែកជំនាញ ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានរួមគ្នាកសាងឲ្យបាននូវផែនការមេគ្រប់ជ្រុងជ្រោយ ដែលអាចអនុវត្តបានក្នុងការគ្រប់គ្រងធនធានជលផលក្នុងទូទាំងខេត្ត។ ត្រូវឈរលើគោលការណ៍ស្មោះត្រង់ ស្រឡាញ់ ការពារ ថែរក្សា និងអភិរឌ្ឍធនធានជលផលដែលមានក្នុងដែនសមត្ថកិច្ច នៃភូមិសាស្រ្តខេត្ត និងធានាថាពុំមានការពាក់ព័ន្ធនឹងករណីបទល្មើសនេសាទ ព្រមទាំងជំរុញការងារអប់រំ ផ្សព្វផ្សាយអំពីវិធានការនានាជុំវិញការធ្វើនេសាទ ដែលមានការចូលរួមឲ្យបានសកម្មពីអាជ្ញាធរ និងផ្នែកមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន។ ត្រូវអនុវត្តឲ្យបានតឹងរឹង និងម៉ឺងម៉ាត់ចំពោះសកម្មភាពនេសាទខុសច្បាប់ និងធ្វើអាជីវកម្មធនធានជលផលខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងអនុវត្តនីតិវិធីច្បាប់ជាធរមាន៕