ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ប្រទេសជាតិមានការរីកចម្រើនឥត ឈប់ឈរដោយសារតែប្រជាពលរដ្ឋទាំងអស់បានរួបរួមសាមគ្គីគ្នាក្រោមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មានគោលមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវ ដែលធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារជាពិសេសបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និង កំណើនសេដ្ឋកិច្ចខ្ពស់ ដូចសព្វថ្ងៃនេះ។
ការថ្លែងបែបនេះនៅក្នុងឱកាសឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុង ពិធីសិតព្រះពុទ្ធបដិមា សម្ពោធស្ថានីយផ្សាយបន្តព្រះពុទ្ធឱវាទឈ្នះមារ និងចែកអំណោយ ដល់ចាស់ជរា នៅវត្តរតនារាម(ផ្សារកណ្ដាល) សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស ប្រជា ពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តមឧត្តមសេនីយ៍ឯកមានប្រសាសន៍បន្តថា បងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈ ដ្ឋានទាំងអស់បានយល់ច្បាស់ណាស់នូវតម្លៃនៃសុខសន្តិភាពនេះ។ ហេតុដូច្នេះហើយបាន ជាឧបាយកលញុះញង់ បំបែកកំបាក់ជាតិ ដើម្បីឈានទៅដល់ការធ្វើរដ្ឋប្រហារផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមរបស់ក្រុមក្បត់ជាតិ សម រង្ស៊ី មិនអាចសម្រេចបាន ឡើយដោយសារគ្មានការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្តមបន្តទៀតថា ប្រជាពលរដ្ឋខ្មែរត្រូវការបំផុតនូវភាពសុខសាន្ត និងសុភមង្គល ស្ងប់សុខទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសម្លឹងជានិច្ចឆ្ពោះទៅថ្ងៃស្អែក និងអនាគតជានិរន្តរ៍ នៃសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រើប្រាស់អាយុជីវិតរបស់សម្តេចផ្ទាល់នៅក្នុងការដាក់ចេញ និងអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ សម្រាប់ជាតិខ្មែរ។ អ្នកឈ្នះទាំងអស់គឺខ្មែរ ដោយទទួលបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ឯកឧត្តមបានលើកឡើងថា ដំណើរដ៏វែងឆ្ងាយនៃការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍក្នុងរយៈកាលជាង៤០ឆ្នាំកន្លងមកនេះ គឺជាការចូលរួមចំណែកមិនអាចខ្វះបានរបស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឱ្យទៅសាលារៀនដើម្បីឱ្យពួកគាត់ក្លាយខ្លួនជា ពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ សង្គមជាតិ និងចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធផលជាតិ និង ខិតខំបំពេញកាតព្វកិច្ចជាពលរដ្ឋល្អតាមតួនាទីរៀងៗខ្លួន។
នៅក្នុងឱកាសនោះដែរឯកឧត្តមក៏បានផ្តល់ជូននូវអំណោយមានជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះផងដែរ៕