អភិបាលខេត្តកំពង់ចាម៖ ការងារស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម ត្រូវចំណាយពេលយូរ ទើបទទួលបានផ្លែផ្កា


(កំពង់ចាម)៖ ក្នុងពិធីបើកសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការងារស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ ត្រូវការចំណាយពេលវេលាយូរ និងភាពអត់ធ្មត់ ទើបទទួលបានផ្លែផ្កា។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា៖ ការងារស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ គឺជាចំណែកមួយនៃការវិនិយោគសាធារណៈដែលត្រូវចំណាយធនធាន និងពេលវេលាយ៉ាងយូរ ហើយត្រូវតស៊ូព្យាយាម និងអត់ធ្មត់កម្រិតខ្ពស់ថែមទៀត ទើបយើងអាចទទួលបានផ្លែផ្កា។ ការទទួលបានផ្លែផ្កាជាទូទៅមាន លក្ខណៈអរូបី ហើយជួនកាលយើងត្រូវរង់ចាំអស់រយៈពេលយ៉ាងយូរ ទើបផ្លែផ្កានោះអាចលេចចេញជារូបរាងពិតប្រាកដ។

ជាក់ស្តែងថ្មីកន្លងមកនេះ តាមរយៈធនធានដែលបានពីការអប់រំបណ្តុះបណ្តាលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានខិតខំជម្រុញឲ្យពួកគាត់ផ្ទេរនូវបច្ចេកវិទ្យាទៅដល់កសិករ ដើម្បីធ្វើឲ្យកំណើនផលិតផលកសិកម្ម កើនឡើងទាំងទិន្នផល និងគុណភាព លើសអំពីតម្រូវការទីផ្សារក្នុងស្រុក ជាបរិបទថ្មីមួយទៀតតម្រូវឲ្យវិទ្យាស្ថានសិក្សាបន្ថែមទៀតថា តើត្រូវរកទីផ្សារកសិផល ជូនប្រជាកសិករ កម្ពុជាដោយវិធីណា? ដើម្បីធានាបាននិរន្តរភាពផលិតកម្មកសិកម្ម ធានាបាននូវជីភាពកសិករឲ្យកាន់ប្រសើរឡើង។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា តាមរយៈយុទ្ធសាស្រ្តចតុកោណកន្លងទៅនេះ រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ យ៉ាងខ្លាំងលើការវិនិយោគក្នុងវិស័យ ធនធានមនុស្ស ផ្លូវ ទឹក អគ្គិសនី ក៏ប៉ុន្តែ ក្នុងយុគសម័យ សេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មានឧត្តមភាពប្រកួតប្រជែងនេះ តម្រូវការ «មូលធនមនុស្ស» មានចំណេះដឹងទូលំទូលាយ ចេះច្នៃប្រឌិត និងមានជំនាញ ច្បាស់លាស់ នៅតែជាភាពចាំបាច់មួយទៀត។

ក្នុងន័យនេះហើយ ដែលរាជរដ្ឋាភិបាលតាំងពីដើមរៀងរហូតមកជានិច្ចកាល តែងតែចាត់ទុកការសិក្សា ស្រាវជ្រាវ គឺជាវិស័យអាទិភាព និងជាកូនសោដ៏សំខាន់សម្រាប់ការលើកកម្ពស់ ផលិតភាពការងារ ដើម្បីធានាបាននូវភាពជោគជ័យនៃដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃសាកលភាវូបនីយកម្ម និងការលូតលាស់នៃបច្ចេកវិទ្យាព័ត៌មានដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ននេះ៕