សម្តេចតេជោ ហ៊ុន សែន៖ ចរាចរណ៍ ចំណតរថយន្ត សំរាម និងទឹកកខ្វក់ ជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មានបញ្ហាចំនួន៤ កំពុងប្រឈមក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ ក្នុងការដោះស្រាយ។ បញ្ហាប្រឈមទាំង៤នោះរួមមាន៖ ចរាចរណ៍ ចំណតរថយន្ត សំរាម និងទឹកកខ្វក់។

សម្តេចតេជោ ហ៊ុន សែន បានលើកបញ្ហាប្រឈមទាំង៤របស់រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ជម្រាបជូនដល់គណៈប្រតិភូបណ្តាអភិបាលក្រុងនិយាយភាសាបារាំង ដឹកនាំដោយលោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា (Christian Roger Okemba) អភិបាលក្រុងប្រាហ្សាវិល ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ពេលចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនាព្រឹកមិញនេះ សម្តេចតេជោ បានរៀបរាប់អំពីការវិវឌ្ឍក្នុងស្ថានភាព ដ៏លំបាករបស់រាជធានីភ្នំពេញ នៅក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេចតេជោ បានលើកឡើងថា រាជធានីភ្នំពេញ បានកសាងឡើងក្នុងសម័យអាណានិគមបារាំង ហើយក៏បានកសាងឡើងថែមទៀត ក្រោយកម្ពុជាទទួលបានឯករាជ្យក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ប៉ុន្តែរាជធានីភ្នំពេញ បានរងនូវភាពខ្ទេចខ្ទាំ និងបំផ្លាញខ្ទេចខ្ទី ដោយរបបប្រល័យពូជសាសន៍ប៉ុលពត។

សម្ដេចតេជោ បានរំលឹកថា ក្រោយពេលរបប ប៉ុល ពត ដួលរលំ សម្តេចវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ក្នុងរាជធានីភ្នំពេញ មានប្រជាជន តែ៧០នាក់ប៉ុណ្ណោះ ហើយរាជធានីទាំងមូល ក៏ពុំមានបញ្ហាប្រឈមច្រើននោះដែរ ពោលពុំមានមនុស្សរស់នៅ ពុំមានចរាចរណ៍ឡានបើកបរ។ តែបច្ចុប្បន្នក្រោយប្រទេសត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ជិត៤១ឆ្នាំ រាជធានីភ្នំពេញ មានការអភិវឌ្ឍ និងវិវឌ្ឍន៍យ៉ាងខ្លាំង។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបប្រតិភូអភិបាលក្រុងនិយាយភាសាបារាំងថា ការអភិវឌ្ឍ និងវិវឌ្ឍរបស់រាជធានីភ្នំពេញនាពេលបច្ចុប្បន្នេះ នាំឱ្យមានបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យមានការដោះស្រាយ។ សម្តេចតេជោ បានបញ្ជាក់ថា រាជធានីភ្នំពេញបច្ចុប្បន្ន ប្រឈមនឹងបញ្ហាចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលនាំទៅដល់ការស្លាប់ ប្រជាជនច្រើន ហើយការធ្វើដំណើរ មានការយឺតយ៉ាវផងដែរ។

កង្វះចំណតរថយន្តសាធារណៈ ក៏ជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូថា សម្ដេច បានណែនាំអភិបាលរាជធានី ជំរុញឱ្យមានការវិនិយោគទៅលើការបង្កើតចំណតរថយន្ត នៅក្រោមសួនច្បារនានា ដើម្បីដោះស្រាយបញ្ហានេះ។

ក្រៅពីបញ្ហាចរាចរណ៍ និងចំណតរថយន្តហើយនោះ បញ្ហាសំរាម និងទឹកកខ្វក់ ក៏ជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញនាពេលបច្ចុប្បន្នផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបប្រតិភូអភិបាលក្រុងនិយាយភាសាបារាំងថា រាជធានីភ្នំពេញ មានសំរាមប្រមាណ ៣ពាន់តោនក្នុងមួយថ្ងៃ ហើយបើប្រមូលមិនទាន់ទេ សំរាមនឹងពូនឡើង ធ្វើឱ្យមានបញ្ហាដល់សោភណភាពផង និងអនាម័យក្នុងរាជធានីភ្នំពេញផងដែរ។

ពាក់ព័ន្ធបញ្ហាសំរាមនេះ សម្ដេចតេជោ បានលើកឡើងថា សម្តេចបានជំរុញឱ្យមានការចូលរួមពីវិស័យផ្សេងៗ ក៏ដូចជាវិស័យឯកជនដែរ ដើម្បីធ្វើយ៉ាងណា កែប្រែសំរាមនេះ ឱ្យទៅជាថាមពលអគ្គិសនី យកមកប្រើប្រាស់ឡើងវិញ។

ដោយឡែកបញ្ហាអាសំណល់រាវវិញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជធានីភ្នំពេញ គឺជារាជធានីមួយ ដែលមានកំពស់ទាប ហើយពីដើមឡើយ សុទ្ធសឹងតែបឹងបួរ ដូច្នេះការបង្ហូរសំណល់រាវទៅទន្លេ ទៅបឹងបួរនោះ ពុំទាន់មានការធ្វើអាងប្រព្រឹត្តិកម្ម ឬក៏អាងចម្រោះ ឱ្យបានត្រឹមត្រូវនៅឡើយនោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាទាំងនេះ គប្បីយកមកពិចារណាដោះស្រាយមុននឹងជំរុញការអភិវឌ្ឍទីក្រុងថ្មី។ សម្តេចតេជោ បានលើកឡើងថា បញ្ហាប្រឈមទាំងនេះ បណ្ដាលមកពីការអភិវឌ្ឍ ដែលមានភាពជឿនលឿនជាទីបំផុត ហើយការអភិវឌ្ឍនេះ បានមកអំពីកត្តាសុខសន្តិភាព ស្ថេរភាព ដែលកម្ពុជាមាន។

នៅក្នុងជំនួបសម្តែងការគួរសមនាព្រឹកមិញនេះ លោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា តំណាងឱ្យប្រតិភូទាំងមូលបានលើកឡើងថា បើទោះបីមិនទាន់បានធ្វើដំណើរទស្សនកិច្ចនៅទូទាំងរាជធានីភ្នំពេញក៏ដោយនោះ ក៏ប៉ុន្តែអ្វីដែលបណ្ដាអភិបាលក្រុងទាំងអស់សង្កេតឃើញ និងវាយតម្លៃនោះ គឺរាជធានីភ្នំពេញ គឺជាទីក្រុងមួយមានភាពចំណាស់ ហើយក៏មានភាពធន់ និងស្រស់បំព្រងផងដែរ។

លោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា បានលើកឡើងថា រូបលោក និងប្រតិភូទាំងមូល នឹងប្រឹងប្រែងសង្កេត ដើម្បីយកបទពិសោធន៍ផ្សេងៗពីរាជធានីភ្នំពេញ ទៅអនុវត្តនៅតាមប្រទេសរបស់ខ្លួនរៀងៗខ្លួនថែមទៀត៕