លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសពាក់ព័ន្ធនឹងវិស័យសំណង់ ត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការត្រួតពិនិត្យនូវគុណភាពសំណង់ឲ្យបានហ្មត់ចត់ ដើម្បីរក្សាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកើតមានករណីបាក់សាលាឆាន់ ដែលកំពុងសាងសង់ នៅក្នុងវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បណ្តាលឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ១៣អង្គ/នាក់ រងរបួសធ្ងន់ស្រាល និង ៣នាក់បានស្លាប់បាត់បង់ជីវិត។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានចូលរួមសោកស្តាយ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណភាព ក្នុងហេតុការណ៍បាក់រលំសាលាឆាន់ ដែលជាហេតុការណ៍ដែលមិនគួរឲ្យកើតមាននោះទេ។
ការថ្លែងបែបនេះរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដែលលោកស្រីអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមប្រគេន និងប្រគល់សញ្ញាបត្រដល់សមណនិស្សិត និងនិសិ្សតនៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ចំនួន១១០៦អង្គ/នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានបញ្ជាក់ថា ក្រសួងធម្មការ និងសាសនា បានបណ្តុះបណ្តាលសមណនិស្សិត គរុសមណនិស្សិត ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព គុណភាពស្របតាមត្រូវការងារទាំងចំណេះផ្នែករឹង និងទន់តាមនិយាមអប់រំ។
នៅក្នុងឱកាសប្រគល់ និងប្រគេនសញ្ញាបត្រ ជូនដល់សមណនិស្សិត និងនិស្សិតដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា បន្ទាប់ពីប្រទេសមានសុខសន្តិភាព និងមានស្ថេរភាពនយោបាយល្អ ទើបធ្វើយើងទាំងអស់គ្នាមានសិទ្ធិសេរីភាពពេញលេញ ក្នុងនោះការអប់រំក៏បាន រីកចម្រើន ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ។ ហេតុនេះជ័យលាភី ទាំងអស់ដែល មានឱកាសបានមកគង់ និងអង្គុយសិក្សានៅទីនេះ សាស្ត្រាចារ្យមានឱកាសបានមកបង្រៀននៅទីនេះ ហើយពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានឱកាសបានអភិវឌ្ឍខ្លួនមកដល់កម្រិតនេះ គឺដោយសារតែប្រទេសជាតិរបស់យើងមាន «សន្តិភាពពិតប្រាកដ»។ សន្តិភាពពិតជាឱកាសមាស សម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលយើងទាំងអស់គ្នាប្ដេជ្ញាថែរក្សាការពារ ឱ្យបាននៅគង់វង្សជាដាច់ខាត។
លោកជំទាវកិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចូលរួមប្រគេន និងផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ៖
១៖ បន្តបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ ក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌រស់នៅល្អ ការទទួលខុសត្រូវ និងមនសិការស្នេហាជាតិ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍប្រទេស។
២៖ បន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន តាមរយៈការបង្កើនកម្រិតគុណវុឌ្ឍិ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីឱ្យការផ្ទេរចំណេះ ដឹងដល់ព្រះសង្ឃ យុវជនជំនាន់ក្រោយប្រកបដោយគុណភាព។
៣៖ បន្តអភិវឌ្ឍកម្មវិធីសិក្សាឱ្យមានលក្ខណៈទំនើប និងធ្វើអន្តរជាតិនីយកម្មលើកម្មវិធីអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងមុខរបរស្របតាមបរិបទថ្មីនៃកម្ពុជា ដែលកំពុងស្ថិតនៅក្នុងសហគមន៍សេដ្ឋកិច្ច អាស៊ាន និងពិភពលោក។
៤៖ បន្តពង្រឹង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្ភារសិក្សាគ្រប់ប្រភេទ សម្រាប់បម្រើឱ្យការបណ្តុះបណ្តាលប្រកបដោយគុណភាព។
៥៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីរក្សា កិត្យានុភាព ឧត្ដមភាព និងនិរន្តរភាព របស់ពុទ្ធិកសាកលវិទ្យាល័យ ទាំងពេលបច្ចុប្បន្ន និងអនាគត។ល៕