ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់


(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ទៀត បានបិទបញ្ចប់ការសិក្សាដោយជោគជ័យ។ ពួកគេអញ្ជើញទទួលសញ្ញាបត្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។

ពិធីប្រគល់សញ្ញាបត្រជូននិស្សិត CUS នៅព្រឹកថ្ងៃនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក ស្តើង សុខុម ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រមានចំនួនសរុប ៦,៧៦២នាក់ ក្នុងនោះនារី ២,៧៦១នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត។

ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៧-២០១៨ និង ឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ នៅតាមទីតាំងសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងសាខាតាមខេត្តទាំង៦ រួមមាន ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តកំពត។

សាកលវិទ្យាល័យឯកទេសនៃកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅកម្ពុជា និងទទួលបានជោគជ័យខ្ពស់លើការបណ្តុះបណ្តាលធនធានបង្កើតនូវ ថាមពលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីបំពេញតម្រូវការកំណើននិស្សិតដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ សាកលវិទ្យាបានពង្រីកសាខាកាន់តែច្រើនទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។

បច្ចុប្បន្នសាកលវិទ្យាល័យឯកទេស នៃកម្ពុជា មានពីរទីតាំងនៅក្នុងរាជធានីភ្នំពេញ និង៦សាខាតាមខេត្ត រួមមាន៖ ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងកំពត។ សាកលវិទ្យាល័យមាន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ ចំនួន ១,២០៥នាក់ ក្នុងនោះនារី ១៩៨នាក់។

សាកលវិទ្យាល័យបាននឹងកំពុងបណ្តុះបណ្តាលលើ ៥មហាវិទ្យាល័យរួមមាន៖ មហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងសេដ្ឋកិច្ច, មហាវិទ្យាល័យ វិស្វកម្ម, និង មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ។

គិតពីឆ្នាំសិក្សា២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ និស្សិតគ្រប់កម្រិតបានបញ្ចប់ការសិក្សា សរុបចំនួន ៤០,៤៥៨នាក់ មាននារី ១២,៣៣៦នាក់ ហើយក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ និស្សិតគ្រប់កម្រិត កំពុងសិក្សាសរុបចំនួន ១៤,៧០៣នាក់ មាននារី ៧,១០២នាក់។

លោក ស្តើង សុខុម បានគូសបញ្ជាក់ថា ដើម្បីកសាងឱ្យបាននូវធនធានមនុស្ស ប្រកបដោយគុណភាព គុណតម្លៃ និងជោគជ័យឆ្នើមសម្រាប់សង្គមជាតិ សាកលវិទ្យាល័យ បានកំណត់នូវគោលការណ៍គ្រឹះក្នុងការប្រតិបត្តិការងារប្រចាំថ្ងៃរបស់ខ្លួន ពោលគឺនិសិ្សត សាស្ត្រាចារ្យ បុគ្គលិកសិក្សា ត្រូវរៀន បង្រៀន ស្រាវជ្រាវ និង ផ្តល់សេវាកម្មប្រកបដោយគុណភាព សមត្ថភាពវិជ្ជាជីវៈ និង បុគ្គលិកលក្ខណសម្បត្តិល្អប្រពៃ។ ពោលមានធនធានមនុស្សល្អ គឺមានអ្វីៗទាំងអស់ ដែលល្អ និងល្អជាង។

ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបានអះអាងថា ការបណ្តុះបណ្ដាលបុគ្គល ឱ្យក្លាយជាធនធានមនុស្សល្អ មានសមត្ថភាពជំនាញ អត្តចរិតល្អ អំណត់ព្យាយាម សកម្មការងារ គឺជាទង្វើប្រកបដោយកុសលធម៌ ដែលសាកលវិទ្យាល័យ ចាំបាច់ត្រូវខ្មីឃ្មាតប្តូរផ្តាច់សម្រេចឱ្យបានជោគជ័យជូនសង្គមជាតិ ស្របតាមមគ្គុទ្ទេសក៍ដឹកនាំដ៍ឆ្នើម ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺមនុស្សជាអាទិភាពទី១ នៃអភិក្រមអាទិភាពគោលនយោបាយ អភិឌ្ឍន៍របស់រាជរដ្ឋាភិបាលគឺ មនុស្ស ផ្លូវ ភ្លើង និង ទឹក។

លោកបានលើកឡើងផងដែរថា លទ្ធផល និង សមិទ្ធផលសម្រេចបានជាង១៧ឆ្នាំ កន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់អំពីសមត្ថភាព លទ្ធភាព និង បទពិសោធន៍ ដែលសាកលវិទ្យាល័យឯកទេស នៃកម្ពុជាមាន គួបផ្សំនឹងបណ្តាធនធានបម្រើឱ្យការបង្រៀន រៀន ស្រាវជ្រាវ និង ដកពិសោធន៍ ត្រូវបានបំពាក់បន្ថែម ជាប្រចាំបន្តបន្ទាប់ តាមតម្រូវការការងារ ចាប់ពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្ភារឧបទេសបច្ចេកវិទ្យា ឯកសាររឹង-ទន់ ដែលកាន់តែសម្បូណ៌ និង មានគុណវុឌ្ឍិកាន់តែល្អប្រសើឡើង។

ក្នុងកិច្ចពង្រឹង និង ទាញយកអត្ថប្រយោជន៍ពីលំហូរចំណេះដឹង និង ឧត្តម្មានុវត្តជំនាញជាក់ស្តែង សាកលវិទ្យាល័យ តែងបានអញ្ជើញអ្នកជំនាញតាមវិស័យការងារ ដែលមានបទពិសោធន៍ជាច្រើន មកធ្វើបាឋកថា សន្និសីទ សិក្ខាសាលា ជូននិស្សិតជាប្រចាំ និង ក៏បានបញ្ជូននិសិ្សតចុះកម្មសិក្សាដល់ការដ្ឋានការងារជាក់ស្តែង តាមកម្មវីធីជាក់លាក់។

សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការ និង បានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួន ៥២ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និង អ៉ីស្រាអែលជាដើម ដោយបានបញ្ជូនសាស្រ្តាចារ្យ និងនិស្សិត ទៅសិក្សា វគ្គវែង និងកម្មសិក្សាខ្លីៗ ព្រមទាំងបានទទួលនិស្សិតបរទេសមកផ្លាស់ប្តូរការសិក្សា ជាមួយនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ផងដែរ។

ដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការ ធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើ សាកលវិទ្យាល័យ បានចុះអនុស្សរណៈយោគយល់ ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័នក្នុងស្រុក ចំនួន៥៣២ ហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ ជាមួយគ្នានេះ សាកលវិទ្យាល័យតែងបានចូលរួមវេទិកា និង សន្និសីទអន្តរជាតិ ធំៗក្នុងវិស័យអប់រំ មានជាអាទិ៍ សន្និសីទប្រចាំឆ្នាំស្តីពីអ្នកដឹកនាំអាជីពក្នុងវិស័យអប់រំ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក QS-APPLE, វេទិកាថ្នាក់ដឹកនាំសាកលវិទ្យាល័យប្រចាំតំបន់អាស៊ី AUPF និង សិក្ខាសាលាស្តីពីការធានាគុណភាពអប់រំ របស់បណ្តាញសាកលវិទ្យាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ AUN-QA ជាដើម។

តាមលទ្ធផលនៃការអង្កេត និស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាពេលនេះ បានបង្ហាញថា អ្នកមានការងារធ្វើ ស្មើ ៩៦,៣០% ដែលកំពុងបំពេញការងារក្នុងមុខតំណែងផ្សេងៗ ក្នុងនោះ ស្ថាប័នរដ្ឋ ៣២,៨៣%, ឯកជន ៤១,៨៥%, អង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ ១២,៦៧%, និង អាជីវកម្មផ្ទាល់ខ្លួន ៨,៩៥%៕