កម្ពុជាផ្តួចផ្តើមនូវគំនិតថ្មីចំនួន៣ ពាក់ព័ន្ធដំណើរការគ្រប់គ្រងចរាចរដែនអាកាសក្នុងតំបន់ និងកាត់បន្ថយភាពកកស្ទះអាកាសយាន នៅលើដែនអាកាស


(ដាឡាត់-វៀតណាម)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានរៀបចំកិច្ចប្រជុំជាន់ខ្ពស់ ជាមួយតំណាង អាជ្ញាធរអាកាសចរស៊ីវិល និងអាជ្ញាធរគ្រប់គ្រងចរាចរដែនអាកាស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋប្រជាធិបតេយ្យឡាវ ក្នុងឱកាស ឯកឧត្តម ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗចំនួន៣ ពាក់ព័ន្ធដំណើរការគ្រប់គ្រងចរាចរដែនអាកាសក្នុងតំបន់ឥណ្ឌូចិន ទន្លេមេគង្គ និងទន្លេមេគង្គ-ឡានឆាន។

 ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានផ្តួចផ្តើមនូវគំនិតថ្មីចំនួនបី ដាក់ជូនកិច្ចប្រជុំជាន់ខ្ពស់នេះ ដែលពាក់ព័ន្ធដំណើរការគ្រប់គ្រងចរាចរដែនអាកាសរួមមាន៖

*ទី១៖ គួរឯកភាពគ្នាក្នុងការបង្កើតផ្លូវហោះហើរ លើដែនអាកាស ហៅថា «ផ្លូវហោះហើរស្របទិសគ្នា» (Parallel Routes) (មួយទៅ មួយមក) ឲ្យបានឆាប់ ក្នុងគោលដៅកាត់បន្ថយភាពកកស្ទះអាកាសយាននៅលើដែនអាកាស និងបង្កើនប្រសិទ្ធភាព នៃការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងតំបន់។

*ទី២៖ គួររៀបចំឯកសារគតិយុត្ត និងដាក់ឲ្យដំណើរការនូវប្រព័ន្ធចរាចរដែនអាកាស (ATS – Air Traffic System) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ហៅថា «ATS Interface Data Communications» ដែលអាចជួយកាត់បន្ថយនូវហានិភ័យ នៃសុវត្ថិភាពកំឡុងពេលហោះហើរ នៅលើដែនអាកាសដោយសារទំនាក់ទំនងគ្នា ពុំបានល្អ រវាងអាកាសយានិក និងមន្ត្រីបញ្ជាការហោះហើរនៅលើដី។

*ទី៣៖ គួរចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធថ្មី ហៅថា «ការគណនាពេលវេលាមុនចាប់ផ្តើមការហោះហើរ» (CTOT – Calculated Takeoff Time) ឲ្យបានទូលំទូលាយ ក្នុងតំបន់នៅពេលដែលចរាចរដែនអាកាសមមាញឹកខ្លាំង ឬមានកត្តាចៃដន់ណាមួយ ដូចជាអាកាសធាតុមិនល្អ ពីព្រោះការប្រើប្រាស់ប្រព័ន្ធថ្មីនេះ នឹងជួយឲ្យអាកាសយានរង់ចាំនៅលើដី ប្រសើរជាងរង់ចាំនៅលើអាកាស និងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសន្សំការចំណាយរបស់ ក្រុមហ៊ុនអាកាសចរណ៍។

សូមបញ្ជាក់ជូនថា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងដាឡាត់ ប្រទេសវៀតណាម រដ្ឋបាលអាកាសចរស៊ីវិលវៀតណាម បានរៀបចំកិច្ចប្រជុំសំខាន់ៗចំនួន៣ ដែលរួមមានកិច្ចប្រជុំលើកទី៣ ស្តីពីការសម្របសម្រួលគ្រប់គ្រងចរាចរដែនអាកាស ពិសេស កម្ពុជា ឡាវ និងរៀតណាម, កិច្ចប្រជុំលើកទី២ ស្តីពីការគ្រប់គ្រងលំហូរចរាចរដែនអាកាស តាមដងទន្លេមេគង្គ-ឡានឆាង និងកិច្ចប្រជុំលើកទី៨ ស្តីពីក្រុមសម្របសម្រួល គ្រប់គ្រងចរាចរដែនអាកាសមេគង្គ៕