ទេសរដ្ឋមន្ត្រី គន់ គីម នឹងទទួលយកសំណើរបស់អតីតយុទ្ធ ដែលគ្មានផ្ទះ ដី និងក្តីកង្វល់នានា ដើម្បីដោះស្រាយជូនឱ្យទាន់ពេលវេលា


នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសនៅមុខអតីតយុទ្ធជន ជាង៦០០នាក់ ថាក្នុងនាមជាអគ្គលេខាធិការលោកនឹងយកសំណើរបស់បងប្អូនអតីតយុទ្ធដែលគ្មានផ្ទះ ដី ការជួបប្រទះនូវបញ្ហាជីវភាព និងកង្វល់នានា ដើម្បីរកដោះស្រាយជួយពួកគាត់ទៅតាមស្ថានភាពជាក់ស្តែងឱ្យអស់ពីលទ្ធភាព និងទាន់ពេលវេលា។

ការបញ្ជាក់ពីការខិតខំបែបនេះ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល ឯកឧត្តមទេសរដ្ឋមន្ត្រី រួមជាមួយគណៈប្រតិភូអតីតយុទ្ធអាស៊ាន ចែកអំណោយរបស់សហព័ន្ធអតីតយុទ្ធជនអាស៊ាន ជូនដល់អតីតយុទ្ធជនកម្ពុជា មកពីរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ចំនួន៦០០នាក់ នៅវិមានឈ្នះ-ឈ្នះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា នៅក្នុងអាណត្តិ៥ឆ្នាំ របស់លោកនឹងខិតខំដោះស្រាយបញ្ហានានាជូនដល់អតីតយុទ្ធជនកម្ពុជា ឱ្យបានគ្រប់គ្នា ជាពិសេសអតីតយុទ្ធដែលខ្វះខាតដី ព្រមទាំងមានកូនច្រើន ដើម្បីប្រគល់ដីដល់ពួកគាត់ ដើម្បីបង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិត។ ដោយឡែកអតីតយុទ្ធជនដែលមានវត្តមាននៅថ្ងៃនេះ គឺសុទ្ធតែមានបណ្ណសម្គាល់ខ្លួន ដើម្បីទៅពិនិត្យ និងព្យាបាលសុខភាព នៅតាមមន្ទីរពេទ្យនានា ដោយមកចាំបាច់បង់ប្រាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ដោយសម្លឹងមើលឃើញពីភាពខ្វះខាតរបស់អតីតបងប្អូនអតីតយុទ្ធពិកា សមាគមអតីតយុទ្ធកម្ពុជា បានខិតខំប្រឹងប្រែងកៀងគរបណ្តាប្រទេសដែលជាសមាជិក នាំយកមកនូវជំនួយមនុស្សធម៌ ដើម្បីយកមកចែកជូនដល់បងប្អូនអតីតយុទ្ធជនពិកា នៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ក្នុងឱកាសដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកនេះ ប្រទេសជាសមាជិក បានជួយសាងសងផ្ទះជូនអតីតយុទ្ធជនកម្ពុជា ១៦ខ្នង ដែលក្នុង១ខ្នង មានតម្លៃជាង២ពាន់ដុល្លារ ព្រមទាំងផ្តល់ជាថវិកា ដើម្បីទិញគ្រឿងឧបភោគ បរិភោគ សម្រាប់ចែកជូនដល់អតីតយុទ្ធជនកម្ពុជា ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០១៩នេះ សមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើចលនាកៀងគរ ថវិកាពីសប្បុរសជននានា បាន៩០០ខ្នង ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាត្រូវការផ្ទះចំនួន៤ពាន់ខ្នង បន្ថែមទៀត សម្រាប់ជួយដល់អតីតយុទ្ធជនកម្ពុជា ដែលអត់មានផ្ទះ សម្រាប់ស្នាក់នៅសមរម្យនឹងគេ។

អំណោយដែលបណ្តាប្រទេសអតីតយុទ្ធជនអាស៊ាន នាំយកមកចែកជូនដល់អតីតយុទ្ធជនកម្ពុជា នាពេលនេះគឺក្នុងម្នាក់ទទួលបានថវិកា២០ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ៕