ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពី « ការអនុវត្តសវនកម្មផ្ទៃក្នុងជាក់ស្តែង »


នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី « ការអនុវត្តសវនកម្មផ្ទៃក្នុងជាក់ស្តែង» ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀតនាថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន​។

យោងលើអត្ថបទព័ត៌មានរបស់ក្រសួងបរិស្ថានឱ្យដឹងថា លោក ជុំ សុខជា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងបរិស្ថាន បានថ្លែងថា វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះមានសារៈសំខាន់ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល ជាពិសេសគឺការជំរុញដំណើរការនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ គឺ « ការផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ដែលនឹងឈានបន្តទៅគោលនយោបាយទី៤ គឺ « គណនេយ្យសមិទ្ធកម្ម» ដែលប្រកបដោយភាពជឿជាក់ និងគ្រោងសម្រេចឱ្យបានក្នុងឆ្នាំ២០២៥ ។ មិនតែប៉ុណ្ណោះវគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពជំនាញសវនកម្មដល់សវនករផ្ទៃក្នុង និងដើម្បីបញ្ជ្រាបការយល់ដឹងពីជំនាញសវនកម្មផ្ទៃក្នុង ក៏ដូចជាឈ្វេងយល់បន្ថែមពីការអនុវត្តការងាររបស់សវនករផ្ទៃក្នុង ដល់មន្ត្រីសវនដ្ឋានចំណុះក្រសួងបរិស្ថាន។ ក្នុងន័យនេះគឺសំដៅទៅលើទិដ្ឋភាពទូទៅនៃការងារសវនកម្មផ្ទៃក្នុងក្របខ័ណ្ឌ និងកិច្ចដំណើរការនីតិវិធីសវនកម្មផ្ទៃក្នុងជាក់ស្តែង ការប្រើឧបករណ៍សវនកម្ម គោលការណ៍និងការសរសេររបាយការណ៍សវនកម្មផ្ទៃក្នុង ឱ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងស្តង់ដារសវនកម្មផ្ទៃក្នុង និងធានាឱ្យសេវាសវនកម្មផ្ទៃក្នុងក្លាយជាឧបករណ៍ត្រួតពិនិត្យកាន់តែមុតស្រួច ប្រកបដោយសមត្ថភាព ជាពិសេសជំរុញដល់ដំណើរការឈានទៅសម្រេចបាននូវការអនុវត្តគោលនយោបាយ «រដ្ឋបាលទំនើប » របស់ក្រសួងបរិស្ថាន ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាកម្ពុជា ។

នៅក្នុងឱកាសនេះ ឯកឧត្តម ផៃ ប៊ុនឈឿន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តសវនកម្មផ្ទៃក្នុងជាក់ស្តែង» គឺមានសារៈសំខាន់ណាស់ដើម្បីបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពជំនាញបន្ថែមជូនដល់មន្រ្តី នាយកដ្ឋានសវនកម្មផ្ទៃក្នុង មន្រ្តី អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋាន និងមន្ទីរបរិស្ថាន រាជធានី-ខេត្ត ដោយផ្តោតទៅលើទិដ្ឋភាពទូទៅនៃការងារសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌនិងដំណើរការនីតិវិធីក្នុងការអនុវត្តសវនកម្មជាក់ស្តែង ការប្រើប្រាស់ឧបករណ៍សវនកម្ម គោលការណ៍និងការសរសេររបាយការណ៍សវនកម្ម ឱ្យបានសមស្របឆ្លើយតបទៅនឹងស្តង់ដារសវនកម្មផ្ទៃក្នុង និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតំណាក់កាលទី៣ »ការផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយ« ព្រមទាំងតៀមខ្លួនសម្រាប់ដំណាក់កាលទី៤​ «គណនេយ្យសមិទ្ធកម្ម» ។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងជួយដល់នាយកដ្ឋានសវនកម្មធ្វើការងារកាន់តែប្រសើរ តាមរយៈជួយជំរុញដល់ដំណើរការកំណែទម្រង់របស់រដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បន្ថែមតម្លៃលើកិច្ចប្រតិបត្តិ

ការរបស់អង្គភាពតាមរយៈការកាត់បន្ថយហានិភ័យ ដែលមាននៅក្នុងប្រព័ន្ធផ្ទៃក្នុងរបស់ខ្លួន ជួយពង្រឹងការគោរពច្បាប់ និងបទប្បញ្ញត្តិ ការសន្សំសំចៃ ការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រើប្រាស់ធនធានឱ្យស្របតាមទិសដៅរបស់ក្រសួងបរិស្ថាន ដែលបានកំណត់យក «ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ និងការរស់នៅដោយចីរភាព» ជាសសរស្តម្ភ និងជាមូលដ្ឋានគ្រឹះ សម្រាប់ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍ ដោយចីរភាព ស្របតាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព៕