ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា ដែលនឹងរួមចំណែកសំខាន់ដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ (ប្រទេសចំណូលមធ្យមកម្រិតខ្ពស់) និងឆ្នាំ២០៥០ (ប្រទេសចំណូលខ្ពស់)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខាកាំកុងត្រូលរាជធានី-ខេត្ត ប្រមាណជាង ៥០០នាក់។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្ត «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា» និង «យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤» រហូតសម្រេចបានសមិទ្ធផលគួរជាទីមោទនៈជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើក្រសួងពាណិជ្ជកម្ម ខិតខំជំរុញការធ្វើសេរីភាវូបនីយកម្ម និងសមាហរណកម្មក្នុងតំបន់ និងពិភពលោក តាមរយៈការបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅក្នុងឆ្នាំ២០២០ និងខិតខំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា សំដៅគាំទ្រការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ដែលជាគោលដៅនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

បន្ថែមលើនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ចំណុច ដល់ក្រសួងពាណិជ្ជកម្ម ដើម្បីជាវិភាគទានសម្រាប់រៀបចំគោលនយោបាយ និងកំណត់ទិសដៅសម្រាប់អនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០២០ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ មានដូចជា៖ (១) ការកែទម្រង់ផ្ទៃក្នុង និង បន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលក្នុងតំបន់ និងពិភពលោក (២) កំណែទម្រង់រដ្ឋបាលសាធារណៈ និងគុណភាពសេវាសាធារណៈ (៣) ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ និង (៤) ការរក្សាបាននូវសន្តិសុខស្បៀងអាហារ និងស្ថិរភាពថ្លៃទំនិញ និងសេវាកម្ម ដើម្បីគាំទ្រឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

គួររម្លឹកដែរថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម នៅក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ បានយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្ម រហូតទទួលបានជោគជ័យលើការចរចាបើកច្រកទីផ្សារពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ការធ្វើកំណែទម្រង់សេវាសាធារណៈ ការកសាងលិខិតបទដ្ឋានគតិយុត្តនៅក្រោមវិស័យពាណិជ្ជកម្ម ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងសុខមាលភាពប្រជាជន ការរក្សាបានសន្តិសុខស្បៀង និងហិរញ្ញវត្ថុ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើន និងការអនុវត្តអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល៕