គណៈកម្មការជាតិបង្ក្រាបព្រៃឈើ បង្ហាញលទ្ធផលជំហានដំបូង


Log 19 01 16 2 copy

     គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​អំពើ​អនា​ធិបតេយ្យ​ព្រៃ​ឈើ​ តាម​ខេត្ត​ដែល​ជាប់​នឹង​ព្រំដែន​វៀតណាម និង​បាន​រឹប​អូស​ឈើ​ប្រណិត​ជា​ច្រើន ​។

     ​គណៈ​កម្មការ​ជាតិ​ ដែល​រួម​មាន​សមាស​ភាព​ចម្រុះ​ពី​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ​… មន្ត្រី​ក្រសួង​បរិស្ថាន​…ក្រសួង​កសិកម្ម និង​អភិបាល​ខេត្ត​ចំនួន​ ៦​​ទៀត​ ដែល​ជាប់​ព្រំដែន​វៀតណាម បាន​បង្កើត​កាល​ពី​ថ្ងៃ​ទី​១៥​ មករា​ដោយ​មាន​ប្រធាន​ដឹក​នាំ​គឺ​ នាយ​ឧត្តម​សេនីយ៍​ សៅ សុខា អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធពល​ខេមរភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​។

     យោង​តាម​កិច្ច​ប្រជុំ​របស់​គណៈ​កម្មការ​ជាតិ ​នៅ​ព្រឹក​មិញ​នេះ ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​ក្រចេះ​ និង​ខេត្ត​មណ្ឌល​គីរី គឺ​ជា​ខេត្ត​នៃ​មុខ​សញ្ញា​មួយ​ ដែល​កម្លាំង​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ជា​ច្រើន ​នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ។ យ៉ាង​ហោច​ឧកញា​ចំនួន​ ២​រូប ​គឺ ​ឧកញា​ លឹម ប៊ុនណា ហៅ​ខ្នា និង ​ឧកញា​ សឹង សំអុល ដែល​ជា​អ្នក​ជំនួញ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ ជាប់​ទាក់​ទង​នឹង​ជំនួញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ខុស​ច្បាប់​នេះ ​។

     នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​មិញ​ថា ចាប់​តាំង​ពី​កម្លាំង​បាន​ចេញ​ប្រតិបត្តិការ​ភ្លាមៗ​ក្នុង​ជំហាន​ដំបូង គេ​បាន​រក​ឃើញ​វត្ថុ​តាង​ឈើ​ខុស​ច្បាប់​នៅ​កន្លែង​មួយ​ចំនួន ជា​ពិសេស​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៣ គឺ​មាន​ខេត្ត​ក្រចេះ មណ្ឌល​គីរី និង​ត្បូង​ឃ្មុំ ​។ ឈើ​ខុស​ច្បាប់​ទាំង​ឡាយ​នេះ ត្រូវ​ក្រុម​គណៈ​កម្មការ​ជាតិ​កំពុង​ស្រាវ​ជ្រាវ​រក​អ្នក​ជាប់​ពាក់​ព័ន្ធ​ និង​ត្រូវ​គេ​រំពឹង​ថា​ លទ្ធ​ផល​នឹង​ត្រូវ​ដឹង​ច្បាស់​លាស់​នៅ​ថ្ងៃ​ទី​១៩ ​ឬ ​២០ ​មករា ​ឆ្នាំ ​២០១៦ ​នេះ​ ។

     ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​ក្រចេះ​ និង​ខេត្ត​មណ្ឌល​គីរី គឺ​ខេត្ត​នៃ​មុខ​សញ្ញា​នាំ​ចេញ​ចូល​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​វៀតណាម ​ដែល​កន្លង​មក ​ឈ្មួញ​ជា​ឧកញា​ធំៗ បាន​ប្រើ​ឥទ្ធិពល​លុយ​កាក់​ កាង​ការ​ដឹក​ឈើ​ខុស​ច្បាប់​នេះ​ចេញ​ទៅ​វៀតណាម ​ដោយ​មិន​ខ្លាច​រអែង​នូវ​ច្បាប់​របស់​ប្រទេស​ជាតិ​ឡើយ ​។ នាយ​ឧត្តម​សេនីយ៍ ​សៅ​ សុខា បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​ថា កម្លាំង​កង​រាជ​អាវុធ​ហត្ថ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ មករា​នោះ​មក បាន​រុញ​កម្លាំង​ឡើង​ទៅ​តាម​បន្ទាត់​ព្រំដែន​ភ្លាម​ៗ ដោយ​សហការ​ជាមួយ​កម្លាំង​នៅ​តាម​ព្រំដែន ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​ឆ្លង​កាត់​ឈើ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ជិត​ខាង ជា​ពិសេស​វៀតណាម​តែ​ម្តង ​។ លោក​បាន​មាន​ប្រសាសន៍​ថា សភាព​ការណ៍​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ខុស​ច្បាប់​ក៏​មាន​ភាព​ស្ងប់​ស្ងាត់ និង​មិន​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​កម្ពុជា​ទៅ​វៀតណាម​ទៀត​ទេ​នា​ពេល​នេះ ​។

     នៅ​ជាមួយ​គ្នា នឹង​ការ​ដាក់​កម្លាំង​បង្ក្រាប​នោះ​ផង​ដែរ អ្នក​ដែល​រក​ស៊ី​ឈើ ក៏​បាន​ចាក​ចេញ​ពី​ក្នុង​ព្រៃ​ដោយ​នាំ​ទាំង​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​រាប់​រយ​គ្រឿង​ ចេញ​ពី​ក្នុង​ព្រៃ​នោះ​ថែម​ទៀត​ ។