ថវិកាជាង ៣ម៉ឺនដុល្លារ ដែលរកបានមកពីការលក់សំបុត្រចូលទស្សនា ការប្រកួតបាល់ទាត់កម្ពុជា និងថៃកាលពីចុងសប្តាហ៍កន្លងមកនេះ ត្រូវបានគេបង្វែរជួយសប្បុរសធម៌សម្រាប់មន្ទីរពេទ្យគន្ធបុប្ឆា ។
ទឹកប្រាក់ជាង ៣ម៉ឺនដុល្លារ នេះ គឺបានមកពីការលក់សំបុត្រអោយមនុស្សច្រើនម៉ឺននាក់ កាលពីថ្ងៃសៅរ៍កន្លងមកនេះ ដែលបានចូលរួមទស្សនាកីឡាបាល់ទាត់រវាងក្លឹប K-Cement Cambodian All Stars របស់កម្ពុជា និងក្លឹប SCG Muangthong United របស់ថៃ ។ ក្លឹប K-Cement Cambodian All Stars របស់កម្ពុជា បានឈ្នះប SCG Muangthong United ថៃ ក្នុងលទ្ធផល ៤ទល់ នឹង៣ ។
ប្រធានក្លឹបបាល់ទាត់ SCG ថៃ លោក Roongrote រុងគ្រុឌ ប៉ាំងស៊ីយ៉ូប៉ាស់ បានថ្លែងថា ការប្រកួតបាល់ទាត់ គឺសំដៅគោលបំណងពង្រឹងមិត្តភាព និងមនុស្សធម៌… និងលោកបញ្ជាក់ថា ចំណូលពីការលក់សំបុត្រ និងវត្ថុអនុស្សាវរីយ៍ទាំងអស់ ត្រូវបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង ។
ប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ព្រឹត្តការណ៍បាល់ទាត់នោះ គឺជាឳកាសរក្សាទំនាក់ទំនង និងមិត្តភាពល្អរវាងប្រទេសទាំង២ កម្ពុជា -ថៃ… និងលោកថា វាជាមោទនភាពមួយដែលក្រុមកីឡាករកម្ពុជា បានចូលរួមចំណែក និងរួមកិច្ចសហការក្នុងព្រឹត្តិការណ៍នោះ ។
ក្រុមហ៊ុន SCG ថៃបានអោយដឹងថា គេគ្រោងនឹងរៀប ចំការប្រកួតសប្បុរសធម៌ដូចគ្នានេះមួយទៀត រវាង ក្រុម K-Cement Cambodian All Stars របស់កម្ពុជាដដែល ជាមួយក្រុមលំដាប់លេខ១ របស់ថៃ នៅសប្ដាហ៍ក្រោយនៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ថែមទៀត ។