មីទ្ទីងរំឭកខួបអនុស្សាវរីយ៍ ទី៤១ នៃមហាជ័យជម្នះ ៧ មករា


នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ មានប្រារព្ធពិធីមីទ្ទីង រំឭកខួបទី៤១ នៃទិវាជ័យជម្នះ ៧ មករា ។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ៖ ក្នុងពេលបច្ចុប្បន្ននេះ ទោះបីប្រជាជនយើងកំពុងបានរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិភាព និង ការអភិវឌ្ឍក្តីក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិយើង ដែលបណ្តាលមកពីភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងបំផុត។ រដ្ឋប្រហារ នៅថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ បានធ្វើឲ្យមាតុភូមិយើងដែលជា”កោះសន្តិភាព”ត្រូវធ្លាក់ចូលក្នុងភ្លើងសង្រ្គាមពេញទំហឹងដែលបានដុតបំផ្លាញមាតុភូមិដ៏ស្រស់ស្អាតរបស់យើង និងបង្កទុក្ខសោក និងការបាត់បង់ដែលពុំអាចគណនាបាន។ បន្ទាប់ពីសង្រ្គាម៥ឆ្នាំ កម្ពុជាបានបន្តធ្លាក់ចូលក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ថែមទៀត ដែលបង្កឡើងដោយពួកឃាតករ ប៉ុល ពត ធ្វើឲ្យមាតុភូមិកម្ពុជាត្រូវបំផ្លាញខ្ទេចខ្ទីដល់ចំណុចសូន្យ។ ប្រជាជនកម្ពុជាជាង៣លាននាក់ត្រូវសម្លាប់រង្គាលយ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវគេយកទៅសម្លាប់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ថា បើគ្មានរដ្ឋប្រហារ ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ហើយនិរន្តរភាពជាតិក៏មិនត្រូវកាត់ផ្តាច់ ប្រជាជនកម្ពុជានឹងបានបន្តរស់ក្នុងសន្តិភាព និងភាពសម្បូរសប្បាយ។

ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ ដែលភៀសខ្លួនរួចផុតពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានបន្តធ្វើការតស៊ូរំដោះជាតិប្រកបដោយវីរភាព ហើយបានប្រមូលផ្តុំរួមគ្នាបង្កើតរណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃ ២​ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំប្រជាជនធ្វើការប្រយុទ្ធសង្រ្គោះប្រទេសជាតិពី របបដ៏យង់ឃ្នងនេះ។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលមានការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនគ្រប់ទិសទី និងបានទទួលការជួយឧបត្ថម្ភដ៏ធំធេងពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌លើសកលលោកបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានជ័យជម្នះដ៏ត្រចះត្រចង់ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះ ៧មករា បានសង្រ្គោះអាយុជីវិតប្រជាជនពីការកាប់សម្លាប់បានទាន់ ពេលវេលា, បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ហើយ បានធ្វើឲ្យតម្លៃខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរដែលបានកសាងពូនផ្តុំក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ខ្លួន បានរស់ឡើងវិញ។ លើមូលដ្ឋានជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញនូវភាពជាម្ចាស់លើមាតុភូមិ និងជោគវាសនារបស់ខ្លួន។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧ មករា ថាជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។ ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូលដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។  នេះជាសច្ចធម៌ ប្រវត្តិសាស្រ្ត ។

ចាប់ពីពេលប្រទេសជាតិត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍មកដល់ថ្ងៃនេះ មានរយៈពេល៤១ឆ្នាំ ហើយ ។ ៤១ឆ្នាំមកនេះយើងបានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ឆ្លងកាត់បណ្តា ដំណាក់កាលប្រវត្តិសាស្រ្តដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ប្រឹងប្រែងជម្នះនូវផលវិបាកយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យដែលបន្សល់ទុកពីសង្រ្គាមបំផ្លិចបំផ្លាញ និងរបប ប៉ុល ពត  ខិតខំស្តារ កសាង និងអភិវឌ្ឍមាតុភូមិចេញពីគំនរផេះផង់ និងពុះពារស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិ។ ផ្អែកលើកម្លាំងមហាសាមគ្គីជាតិ និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងការជួយឧបត្ថម្ភពីមិត្តភក្តិជិតឆ្ងាយ និងសហគមន៍អន្តរជាតិ យើងបានឆ្លងកាត់ឧបសគ្គទាំងអស់នោះដោយជោគជ័យ ដែលធ្វើឲ្យប្រទេសជាតិមានស្ថិរភាពជាជំហានៗ និងមានការរីកចម្រើនជាបន្តបន្ទាប់ រហូតឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ដូចពេលនេះ។

យើងទាំងអស់គ្នា ដែលជាអ្នករងគ្រោះពីសង្រ្គាម និងពីអំពើប្រល័យពូជសាសន៍ មានមោទនភាពជាទីបំផុត ដែលបានរួមសាមគ្គីគ្នាបង្កើតបាននូវរាល់សមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលធ្វើឲ្យទឹកដីកម្ពុជាមានការផ្លាស់ប្តូរទាំងស្រុងដែលយើងមិនអាចស្មានពុំដល់។ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្រ្គាមដ៏រុំារ៉ៃពីទឹកដីដែលគ្មានសេរីភាព ពីការបែកបាក់ជាតិ និងបែងចែកទឹកដី និងពីគំនរផេះផង់ ទៅជាទឹកដី ប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យ ធ្វើឲ្យ ប្រជាជនបានរស់នៅយ៉ាងសុខសាន្ត និងប្រកបដោយក្តីសង្ឃឹមចំពោះអនាគតរបស់ខ្លួននៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានធ្វើសមាហរណកម្មពេញលេញជាមួយសហគមន៍អន្តរជាតិ ហើយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការតំបន់ និងពិភពលោក។

នេះជាដំណើរផ្លាស់ប្តូរដ៏ធំធេងនៃកម្ពុជាក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះ ដោយផ្តើមចេញពីការដឹក នាំដ៏ត្រឹមត្រូវ ការចូលរួមដោយទឹកចិត្តស្នេហាជាតិរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿ សាសនា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កសិករ កម្មករ ពាណិជ្ជករ អាជីវករ សិស្ស និសិ្សត បញ្ញវន្ត ព្រះសង្ឃ និងមជ្ឈដ្ឋានផ្សេងៗទៀតទាំងអស់ក្នុងសង្គម ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ ដៃគូអភិវឌ្ឍន៍ និងសហគមន៍ អន្តរជាតិ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជា ។