សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៤១ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) នៅខេត្តបាត់ដំបង


ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី ៤១ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) នៅខេត្តបាត់ដំបង ។

ដែលមានអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំប្រដាប់អាវុធទាំង៣ ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត សសយក សិស្សនិស្សិត អង្គការសង្គមស៊ីវិល និងមន្ត្រីរាជការសរុបប្រមាណ ៣៧៧០ នាក់។

ឯកឧត្តម ងួន រតនៈ បានអានខ្លឹមសារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីខួបលើកទី៤១ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) ដែលបានធ្វើដំណើរទៅមុខលើមាគ៌ាមួយដ៏ត្រឹមត្រូវប្រកបដោយភាពជាម្ចាស់លើជោគវាសនារបស់ខ្លួន។ ” អរគុណ សន្តិភាព ” មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ថ្ងៃ៧ មករា ជាការបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរ: កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ជាពិសេសគឺវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា ។

ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បានចាត់ទុកថ្ងៃ៧មករា ឆ្នាំ១៩៧៩ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ៕