កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការចេញលិខិតរដ្ឋបាល និង អត្រានុកូលដ្ឋានឲ្យសហព័ទ្ធជាខ្មែរ


នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៩នេះ មានធ្វើកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការចេញលិខិតរដ្ឋបាល និង លិខិតអត្រានុកូលដ្ឋាន ឲ្យសហព័ទ្ធជាខ្មែរ កូន និង ជនបរទេស អន្តោប្រវេសន្ត ជូនដល់ក្រុមប្រឹក្សា និង អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និង ស្មៀនឃុំ សង្កាត់ ,អធិការក្រុង ស្រុក និង មន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាល ឃុំ សង្កាត់ទូទាំងខេត្ត ប្រមាណ១៥៧នាក់ចូលរួម ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្ត និង ឯកឧត្តមឧត្តមសេនីយ៍ឯក បេង សុវត្តិ ប្រធាននាយកដ្ឋាន ស្ថិតិ នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ។

តាមរបាយការណ៍របស់លោកស្រី យូ សភា បានលើកឡើងថា ខេត្តសៀមរាបមានជនបរទេសស្នាក់នៅ ១ពាន់៦២៤ គ្រួសារ មានមនុស្ស ចំនួន ៤ពាន់៥៩៨នាក់ ស្រី២ពាន់១៧០នាក់ កាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ចំនួន៦០៦ គ្រួសារ មានមនុស្ស ១ពាន់៨៣៥នាក់ ស្រី៨៦៨នាក់ និង មានគ្រួសារដែលជាសហព័ទ្ធខ្មែរ ចំនួន២៦០នាក់ ស្រី៩៩នាក់ ។

លោកស្រីបានបន្តទៀតថា ដោយក្រសួងមហាផ្ទៃ បានសង្កេតឃើញថា អាជ្ញាធរមូលដ្ឋានមួយចំនួន នៅមានការស្រពិចស្រពិល អំពីគោលការណ៍ច្បាប់ដែលនាំឲ្យមានភាពស្ទាក់ស្ទើរ ក្នុងការ ចេញលិខិតរដ្ឋបាល ឬ លិខិតអត្រានុកូលដ្ឋានដល់សហព័ន្ធជាខ្មែរ កូន និង ជនបរទេសអន្តោប្រវេសន្ត ដែលត្រូវគណៈកម្មការជំរឿន និងគ្រប់គ្រងជនបរ ទេសខេត្ត ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ឬត្រូវបានក្រសួងមហាផ្ទៃ ពិនិត្យ ចេញប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និង ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ។

ក្រោយពេលបញ្ចប់ឱសានវាទ និង ការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និង សុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងពាក្យបណ្តឹង ដើមី្បឲ្យការផ្តល់សេវារដ្ឋបាលកាន់តែមានភាពល្អប្រសើរ សម្រាប់បម្រើសេចក្តីត្រូវការចាំបាច់របស់សហព័ទ្ធជាខ្មែ និង កូនរបស់គាត់ដែលត្រូវបានដកហូតឯកសារ ព្រមទាំងជនបរទេសអន្តោប្រវេសន្ត ទើបថ្ងៃនេះរដ្ឋបាលខេត្ត បានបើកធ្វើ ការផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ជូនដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីសមត្ថកិច្ចមានការពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន ដើមី្ប ទទួលបាននូវមូលដ្ឋានគ្រឹះ ក្នុងការយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

បន្ទាប់ពីការអាននូវសេចក្តីណែនាំ លេខ០១៥ សណន ស្តីពីការចេញលិខិតរដ្ឋបាល និង លិខិតអត្រានុកូលដ្ឋានឲ្យ សហព័ទ្ធជាខ្មែរ កូន និង ជនបរទេស អន្តោប្រវេសន្ត និងសេចក្តីណែនាំ លេខ ០២៨ សណន ស្តីពីការគ្រប់គ្រងវត្ត មានជនបរទេសក្នុងព្រះរាជាណាចក្រកកម្ពុជា របស់ក្រសួងមហាផ្ទៃរួចមក សមាជិកសមាជិការនៃកិច្ចប្រជុំ ក៏បានលើកនូវសំណួរ និងចំណោទបញ្ហាប្រឈមមួយចំនួន ដែលតែងបានជួបប្រទះនៅក្នុងដែនសមត្ថកិច្ចមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ដោយបានផ្តោតសំខាន់ទៅលើ ការ ងារធ្វើនូវ អត្រានុកូលដ្ឋាន ដូចជាសំបុត្រកំណើត , សំបុត្រអាពាហ៍ពិពាហ៍ , សំបុត្រមរណៈភាព ,សៀវភៅស្នាក់នៅ និង ការកែតម្រូវសំបុត្រកំណើត ចំពោះជនបរទេសអន្តោប្រវេសន្ត ដែលបានកំពុងស្នាក់នៅក្នុងមូលដ្ឋាន ក្រោយពីការដកហូតយកនូវលិខិតរដ្ឋបាលដែលអាជ្ញារមូលដ្ឋានផ្តល់ឲ្យកន្លងមិនប្រក្រតីទៅឲ្យជនបរទេស ។ ក្នុងនោះក៏បានផ្តោតចំពោះលើការអនុញ្ញាតច្បាប់រៀបអាពាហ៍ពិពាហ៍រវាងប្រជានកម្ពុជា ជាមួយជន ជាតិបរទេស និង ការធ្វើអត្រានុកូលដ្ឋាន សំបុត្រកំណើតជូនដល់ កូនជនបរទេសកើតនៅកម្ពុជា និង សិទ្ធិកាន់កាប់ដីធ្លី ជាដើម ។

បន្ទាប់ពីការបកស្រាយ និង ពន្យល់ណែនាំ អំពីនិតិវិធី ក្នុងកិច្ចដំណើរការធ្វើជូននូវសៀវភៅគ្រួសារ និង អត្រានុកូលដ្ឋានជូនដល់ជនបរទេសឡើងវិញ ដោយត្រូវមានការពាក់ព័ន្ធនូវឯកសារមួយចំនួន ដែលបានធ្វើការសេចក្តីណែនាំ លេខ០១៥ និង ០២៨ សណន របស់ក្រសួងមហាផ្ទៃផងដែរ ។ តាមការបកស្រាយរបស់វាគ្មិន បានគូសបញ្ជាក់អំពីនីតិវិធី ក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាន ដល់ជនបរទេស ដែលមានកូនកើតនៅកម្ពុជា គឺមិនឲ្យលើសពី៣០ថ្ងៃឡើយ ។ ចំពោះការកែតម្រូវលិខិតអត្រានុកូលដ្ឋាន (សំបុត្រ កំណើត) គឺនៅតែបន្តរហូត គ្មានទីបញ្ចប់ឡើយ ។

មានប្រសាសន៍នោះដែរឯកឧត្តមឧត្តមសេនីយ៍ឯក បេង សុវត្តិ ប្រធាននាយកដ្ឋាន ស្ថិតិ នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ដើមី្បពង្រឹងនៃការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន្ត៍ គឺសំដៅបង្កើន ការគ្រប់គ្រងនូវវត្តមាននៃការស្នាក់នៅរបស់ជនបរទេសឲ្យមានប្រសិទ្ធភាពខ្ពស់ និង ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាពសង្គម ក៏ដូចជាសុវត្ថិភាពរផ្ទាល់របស់ជនបរទេសគ្រប់រូប ដែលកំពុងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា និយាយដោយឡែកនៅខេត្តសៀមរាប ។

ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការណែនាំមួយចំនួន ដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ សំខាន់ចំពោះកម្លាំងសមត្ថកិច្ចនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និង ស្មៀនឃុំ សង្កាត់ គឺត្រូវ យកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកិច្ចការនេះ គឺត្រូវឲ្យមានកិច្ចសហការគ្នាល្អ កុំឲ្យមានការឆកល្វែងដូចកាលធ្វើលិខិតអត្រានុកូលដ្ឋាននាពេលកន្លងមក ដែលធ្វើឲ្យមានផលលំបាកដល់ប្រជាពលរដ្ឋ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវនីតិវិធី បច្ចេកទេសមួយចំនួន ដើមី្ប ជាមូលដ្ឋានគ្រឹះ សម្រាប់មន្ត្រីមូលដ្ឋានអនុវត្តទៅប្រកបដោយជោគជ័យ ៕