ក្រសួងមហាផ្ទៃដាក់ឪសានវាទការធ្វើប័ណ្ណបើកបរ


Traffic 20 01 16 2 copy

     ក្រសួង​មហា​ផ្ទៃ​បាន​អោយ​ដឹង​ថា ចាប់​ពី​ពាក់​កណ្តាល​ខែ​មីនា​ ឆ្នាំ​ ២០១៦ ​នោះ​ទៅ មន្រ្តី​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​រាល់​បទ​ល្មើស​ទាំង​អស់ ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​និង​លិខិត​ស្នាម​មួយ​ចំនួន​ផង​ដែរ ​។

     គួរ​រំលឹក​ថា ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី១ ខែ​មករា​ ឆ្នាំ​ ២០១៦​ កន្លង​ទៅ ត្រូវ​គេ​ឃើញ​ថា​នៅ​មិន​ទាន់​បាន​អនុវត្ត​ពេញ​លេញ​នៅ​ឡើយ​ទេ ដោយ​សារ​មាន​សំណូម​ពរ​ពី​ប្រជាពល​រដ្ឋ​ខ្លះ ​ឲ្យ​កែ​ប្រែ​នូវ​ចំណុច​មួយ​ចំនួន​ទាក់​ទង​នឹង​បច្ចេក​ទេស​យាន​យន្ត​… តម្លៃ​ប័ណ្ណ​បើកបរ​នៃ​យាន​យន្ត​ខ្លះ​ ។​ល​។ ដែល​សំណើ​ទាំង​ឡាយ​នោះ បាន​នាំ​អោយ​ការ​អនុវត្ត​ច្បាប់ មិន​ទាន់​បាន​ធ្វើ​ដោយ​គ្រប់​លក្ខណៈ​ ១០០​ភាគ​រយ​ នោះ​ទេ ​។

     យោង​តាម​សេចក្តី​ជូន​ដំណឹង​ របស់​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​ចុះ​ហត្ថលេខា​ថ្ងៃ​ទី​១៩ ខែ​​មករា ឆ្នាំ ២០១៦ ​ដោយ​ សម្តេច​ក្រឡា​ហោម​ ស ​ខេង ឧបនាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ សាធារណ​ជន​ណា​ដែល​មិន​ទាន់​បាន​បំពេញ​លក្ខ​ខណ្ឌ​បែប​បទ​យាន​យន្ត ត្រូវ​ប្រញាប់​ទៅ​បំពេញ​អោយ​ហើយ ជា​ពិសេស​ការ​ចុះ​បញ្ជី​យាន​យន្ត​ដែល​មិន​ទាន់​មាន​ផ្លាក​លេខ ការ​ប្រឡង​យក​បណ្ណ​បើកបរ​យាន្ត​យន្ត ការ​ត្រួត​ពិនិត្យ​លក្ខណ:​បច្ចេក​ទេស​យាន​យាន្ត​ និង​ការ​ធ្វើ​លិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​ ។

     សេចក្តី​ជូន​ដំណឹង​ដដែល បាន​បញ្ជាក់​ថា​ចាប់​ពី​ថ្ងៃទី​១៥​ មីនា ​ឆ្នាំ ​២០១៦ ​ត​ទៅ មន្ត្រី​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​រាល់​បទ​ល្មើស​ទាំង​អស់​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ក្នុង​នោះ​ រួម​មាន​ទាំង​ការ​ត្រួត​ពិនិត្យ​លិខិត​ស្នាម​ប័ណ្ណ​យាន​យន្ត​ផង​ដែរ ​។