គណៈកម្មការជាតិបន្តការបង្ក្រាបបទល្មើសព្រៃឈើ


Log 20 01 16 2 copy

     គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ បាន​បន្ត​សកម្មភាព​ចុះ​បង្ក្រាប​អំពើ​អនា​ធិបតេយ្យ​ព្រៃ​ឈើ​ តាម​ខេត្ត​ដែល​ជាប់​នឹង​ព្រំដែន​វៀតណាម​ បន្ថែម​ទៀត​ នៅ​ថ្ងៃទី​១៩ ​មករា​នេះ ។ សេចក្តី​រាយ​ការណ៍​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ បាន​អោយ​ដឹង​ថា ប្រធាន​ដឹក​នាំ​គណៈ​កម្មការ​ជាតិ​ នាយ​ឧត្តម​សេនីយ៍ សៅ សុខា បាន​ដឹក​នាំ​កម្លាំង​ចុះ​ត្រួត​ពិនិត្យ​ទី​តាំង​ស្តុក​ឈើ​ ១កន្លែង​ នៅ​ភូមិ​រលួស ឃុំ​រលួស​មាន​ជ័យ ស្រុក​សំបូរ ខេត្ត​ក្រចេះ​ ។

     គួរ​រំលឹក​ថា ​កាល​ពី​ម្សិល​មិញ គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្តាត់​ និង​បង្រ្កាប​បទ​លើ្មស​ព្រៃ​ឈើ បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ ដែល​នៅ​ទី​នោះ គេ​បាន​រក​ឃើញ​មាន​ឈើ​ពាក់​ព័ន្ធ​នឹង​ឧកញា​ចំនួន ​៣​នាក់ ​។ សេចក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​នោះ ឈើ​របស់​ ឧកញា សឹង សំអុល ត្រូវ​គេ​ប្រទះ​ឃើញ​មាន​ជាង​៣​ម៉ែត្រ​គូប​…​ ចំណែក​ក្នុង​ឃ្លាំង​ ឧកញា លឹម ប៊ុន​ណា ហៅ​ខ្នា មាន​ឈើ​ជា​ច្រើន​ ដែល​កម្លាំង​ជំនាញ​កំពុង​វាស់​វែង​នៅ​រសៀល​ថ្ងៃ​ទី​ ១៩​ មករា​នេះ​ទៀត ​។

     នៅ​ក្នុង​ស្រុក​អូរាំង​ឪ នោះ​វិញ ក្នុង​តំបន់​កាន់​កាប់​ក្រុម​ហ៊ុន​របស់​ឧកញា​ម្នាក់​ឈ្មោះ​ វន្ត ប៊ុន​ថៃ ត្រូវ​គេ​ប្រទះ​ឃើញ​ឈើ​ខុស​ច្បាប់​ជា​ច្រើន​ ។ ​មន្ត្រី​ខេត្ត​បាន​អោយ​ដឹង​ថា​ ឈើ​របស់​ ឧកញា វន្ត ប៊ុនថៃ ដែល​សុទ្ធ​តែ​ជា​ឈើ​មូល ត្រូវ​បាន​គេ​ដុត​បំផ្លាញ​ភស្ថុតាង​… ចំណែក​ឈើ​ខ្លះ​ត្រូវ​បាន​គេ​ជីក​រណ្តៅ​ធំៗ​ចំនួន​២​ បាន​កប់​… ចំណែក​ឈើ​ដែល​កប់​មិន​ទាន់ ត្រូវ​គេ​ប្រទះ​ឃើញ​រណូក​រណែក​ពាស​ពេញ​នៅ​ទី​នោះ​ ។ សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ចការ​ទាំង​ឡាយ​នោះ តាម​នីតិ​វិធី​ពេល​នេះ​ ។

     នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ដដែល​នោះ​ផង​ដែរ ដើម្បី​ស្វែង​រក​កិច្ច​សហ​ប្រតិបត្តិ​ការ​ពី​ប្រជាពលរដ្ឋ​ ដើម្បី​ចូល​រួម​ការ​បង្រ្កាប​គណៈ​កម្មការ​ជាតិ​ បាន​រៀប​ចំ​មណ្ឌល​ប្រតិបត្តិ​ការ ​២៤​ម៉ោង ​លើ​ ២៤​ម៉ោង​ ដើម្បី​ទទួល​ព័ត៌មាន​អំពី​បទ​ល្មើស​ព្រៃ​ឈើ​ ។ គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​ បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​និង​អ្នក​សារ​ព័ត៌មាន សូម​អោយ​ចូល​រួម​សហការ​ផ្តល់​ព័ត៌មាន​អំពី​បទ​ល្មើស​ព្រៃ​ឈើ​តាម​ទូរស័ព្ទ ០២៣ ៦៦៦៧៦៦៧​… លេខ ០២៣ ៦៣៦៧៣៦៧… ​និង​លេខ ០២៣ ៦៦៦៨៦៦៨ ផង​ដែរ​ ។

Log 20 01 16 6 copy Log 20 01 16 5 copy

Log 20 01 16 4 copy Log 20 01 16 3 copy

Log 20 01 16 7 copy Log 20 01 16 8 copy